បាងកក៖ ចំណាប់ខ្មាំងជនជាតិថៃចំនួនប្រាំមួយនាក់ដែលត្រូវបានចាប់ពង្រត់ និងឃុំខ្លួនអស់ជាច្រើនសប្តាហ៍នៅតំបន់ហ្គាហ្សាស្ទ្រីបដោយក្រុមហាម៉ាសនឹងមកដល់ព្រះរាជាណាចក្រវិញនៅថ្ងៃចន្ទទី ៤ខែធ្នូនេះ។ មានជនជាតិថៃរាប់ម៉ឺននាក់កំពុងធ្វើការក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើននៅក្នុងវិស័យកសិកម្ម នៅពេលដែលពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនបានវាយលុកព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១,២០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ជំរិតប្រហែល ២៤០ នាក់ នេះបើយោងតាមអាជ្ញាធរអ៊ីស្រាអែល។ ដោយមានយ៉ាងហោចណាស់ជនជាតិថៃចំនួន ៣២ នាក់ត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស់ ស្រពេលដែលបច្ចុប្បន្ននេះក្រសួងការបរទេសរបស់ទីក្រុងបាងកក និងក្រុមឥស្លាមថៃកំពុងធ្វើការចរចាដើម្បីដោះលែងពួកគេបន្ថែម។
នៅថ្ងៃច័ន្ទ វេលាម៉ោងប្រហែល ២ រសៀលនេះមនុស្សប្រាំមួយនាក់ត្រូវបានគេរំពឹងថានឹងចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិថៃ បន្ទាប់ពីត្រូវបានជាប់ឃុំជាច្រើនសប្តាហ៍។ ចាប់តាំងពីពួកគេត្រូវបានគេដោះលែងមក អ្នកទាំងអស់គ្នាបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសអ៊ីស្រាអែល។
ក្នុងនោះក៏មានជនជាតិថៃ៩នាក់ផ្សេងទៀតនៅតែស្ថិតក្នុងចំណោមចំណាប់ខ្មាំងរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនក្នុងអំឡុងពេលការវាយឆ្មក់ឆ្លងព្រំដែនកាលពីខែតុលាចូលទៅក្នុងប្រទេសអ៊ីស្រាអែល។អ៊ីស្រាអែលបានឆ្លើយតបនឹងការវាយប្រហារថ្ងៃទី ៧ តុលា របស់ក្រុមហាម៉ាសជាមួយនឹងការវាយប្រហារផ្លូវអាកាស កាំភ្លើងធំ និងទ័ពជើងទឹក រួមនឹងការវាយលុកចូលក្នុងតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សជាង ១៥.៥០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។
គួរបញ្ជាក់ថាប្រទេសថៃមានពលរដ្ឋ ៣០,០០០ នាក់ក្នុងប្រទេសអ៊ីស្រាអែល នៅពេលដែលការវាយឆ្មក់បានកើតឡើង ដែលភាគច្រើនជាពលករចំណាកស្រុកមកពីខេត្តក្រីក្រនៅភាគឦសាននៃព្រះរាជាណាចក្រថៃ។ជនជាតិថៃចំនួន ៣៩ នាក់ត្រូវបានសម្លាប់ និង ១៩ នាក់បានរងរបួសនៅក្នុងសង្គ្រាម ដោយថៃបានជម្លៀសប្រជាជនរបស់ខ្លួនជាង ៨,៥០០ នាក់៕