សេអ៊ូល៖ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបានអះអាងថា កូរ៉េខាងត្បូងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួននៅព្រឹកថ្ងៃសៅរ៍ លើរ៉ុក្កែត SpaceX ដែលជាការបង្កើនការប្រណាំងអវកាសនៅលើឧបទ្វីប បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងរបស់ខ្លួន កាលពីខែមុន។
ផ្កាយរណបឈ្លបយកការណ៍របស់ទីក្រុងសេអ៊ូល ដែលដឹកដោយគ្រាប់រ៉ុក្កែត SpaceX Falcon 9 របស់ Elon Musk នឹងហោះចេញពីមូលដ្ឋានទ័ពអវកាសអាម៉េរិក Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ានៅព្រឹកថ្ងៃសៅរ៌នេះ ។ក្រុមហ៊ុន SpaceX បានចេញផ្សាយរូបថតនៃគ្រាប់រ៉ុក្កែត Falcon 9 របស់ខ្លួនដែលបានដំឡើងបញ្ឈរនៅលើបន្ទះបាញ់បង្ហោះដែលមានអក្សរ "KOREA" ឆ្លាក់លើវា។
ប្រសិនបើវាត្រូវបានគេដាក់ចូលទៅក្នុងគន្លងដោយជោគជ័យ កូរ៉េខាងត្បូងនឹងទទួលបាននូវផ្កាយរណបចារកម្មដែលផលិតក្នុងស្រុកជាលើកដំបូងរបស់ខ្លួន ដើម្បីតាមដានសកម្មភាពរបស់ប្រទេសកូរ៉េខាងជើង ។ ទីក្រុងសេអ៊ូលគ្រោងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មចំនួនបួនបន្ថែមទៀតនៅចុងឆ្នាំ ២០២៥ ដើម្បីពង្រឹងសមត្ថភាពឈ្លបយកការណ៍របស់ខ្លួននៅភាគខាងជើង។
អ្នកជំនាញបាននិយាយថា ការដាក់ផ្កាយរណបឈ្លបយកការណ៍ដែលកំពុងដំណើរការទៅក្នុងគន្លងនឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រមូលព័ត៌មានអំពីសកម្មភាពរបស់កូរ៉េខាងជើង ជាពិសេសនិងផ្តល់ទិន្នន័យសំខាន់ៗនៅក្នុងជម្លោះយោធាណាមួយ។
ចាប់តាំងពីការបាញ់បង្ហោះកាលពីសប្តាហ៍មុនមក កូរ៉េខាងជើងបានអះអាងថា ផ្កាយរណបចារកម្មថ្មីរបស់ខ្លួននៅលើមេឃបានផ្តល់រូបភាពនៃទីតាំងយោធាសំខាន់ៗរបស់សហរដ្ឋអាមëរិក និងកូរ៉េខាងត្បូង ក៏ដូចជារូបថតនៃរដ្ឋធានីរ៉ូមរបស់អ៊ីតាលីផងដែរ។ ការបាញ់បង្ហោះផ្កាយរណប "Malligyong-1" កាលពីសប្តាហ៍មុនគឺជាការប៉ុនប៉ងលើកទីបីរបស់ទីក្រុងព្យុងយ៉ាងក្នុងការដាក់ផ្កាយរណបបែបនេះនៅលើគន្លងគោចរ បន្ទាប់ពីបរាជ័យចំនួនពីរក្នុងខែឧសភា និងខែសីហា។ទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានទទួលជំនួយបច្ចេកទេសពីទីក្រុងមូស្គូ ជាថ្នូរនឹងការផ្គត់ផ្គង់អាវុធសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរុស្សីជាមួយអ៊ុយក្រែន៕