681 ezgif.com resize
Swift cc time

ក្រសួងសុខាភិបាលប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងចរន្តឯកសារតាមអេឡិចត្រូនិច

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី០១ធ្នូកន្លងទៅ បានដឹកនាំកិច្ចប្រជុំការងារប្រចាំខែវិច្ឆិកាដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ក្នុងនៅលោកក៏បានប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងចរន្តឯកសារតាមអេឡិចត្រូនិច ដែលអាចស្នើសុំយោបល់ និងផ្តល់យោបល់ ទៅគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ តាមអេឡិចត្រូនិចដោយមានភាពឆាប់រហ័ស ទោះបីជានៅទីណាក៏ដោយ ហើយនឹងដាក់ដំណើរការពេញលេញថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោក ឈាង រ៉ា បានមានប្រសាសន៍ថា ក្រោមការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលបានចេញនូវយុទ្ធសាស្រ្តអាទិភាពគន្លឹះក្នុងការពង្រឹងសេវាសុខភាពនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្ត ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

លោកបានបន្ថែមថា សម្រាប់ការពង្រឹង និងពិនិត្យលើកង្វះខាតធនធានមនុស្ស នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក សូមឱ្យធ្វើវិចារណកម្មលើតម្រូវការជាក់ស្តែង ឱ្យមានគុណភាព ប្រសិទ្ធភាព និងតម្លាភាព។ លោកបានណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ ចូលរួមថែរក្សាសម្ភារៈបរិក្ខារ និងប្រើប្រាស់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ត្រូវចេះសន្សំសំចៃ និងត្រូវពិនិត្យការគ្រប់គ្រងឱសថឱ្យបានត្រឹមត្រូវ។ ចំណែកឯការងារចុះអភិបាលគឺត្រូវធ្វើឱ្យបានល្អ ត្រូវមានផែនការ មានខ្លឹមសារ និងគោលបំណងច្បាស់លាស់។

ជាចុងក្រោយ លោកស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីអនុលោមទៅតាមគោលនយោបាយជាតិ និងថ្លែងអំណរគុណដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមសហការបានយ៉ាងល្អក្នុងកិច្ចការការពារសុខភាពក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕


Khcct banner

អត្ថបទទាក់ទង