ហាម៉ាស់៖ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានអញ្ជើញមហាសេដ្ឋីអាម៉េរិកលោក Elon Musk ឲ្យទៅទស្សនាតំបន់ហ្គាហ្សាប៉ាឡេស្ទីន ដើម្បីមើលពីទំហំនៃការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។
លោក Osama Hamdan មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Beirutនៃប្រទេសលីបង់ថា យើងសូមអញ្ជើញ Elon Musk ឱ្យទៅទស្សនាតំបន់ហ្គាហ្សា ដើម្បីមើលពីទំហំនៃការសម្លាប់រង្គាល និងការបំផ្លិចបំផ្លាញដែលបានប្រព្រឹត្តប្រឆាំងនឹងប្រជាជនហ្គាហ្សា។ មន្ត្រីរូបនេះបានបន្ថែមថា ក្នុងរយៈពេល ៥០ ថ្ងៃ អ៊ីស្រាអែលបានទម្លាក់គ្រឿងផ្ទុះជាង ៤០,០០០ តោនទៅលើផ្ទះរបស់ប្រជាជននៅហ្គាហ្សា និងបានផ្តាច់ជីវិតប្រជាពលរដ្ឋប៉ាលេស្ទីនអស់ជាច្រើនពាន់នាក់។
លោក Elon Musk បានទស្សនាកន្លែងនៃការវាយប្រហាររបស់ពួកហាម៉ាសនឹងប្រទេសអ៊ីស្រាអែល នឹងបានសម្តែងការភ្ញាក់ផ្អើលនៅពេលឃើញតំបន់ Kfar Aza ត្រូវបានបំផ្លាញ ហើយបានប្រកាសពីការប្តេជ្ញាចិត្តរបស់គាត់ ដើម្បីធ្វើអ្វីដែលចាំបាច់ដើម្បីបញ្ឈប់ការរីករាលដាលនៃសង្រ្គាមនេះផងដែរ។ មន្ត្រីក្រុមហាម៉ាស់ក៏បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក ពិនិត្យឡើងវិញនូវទំនាក់ទំនងរបស់គេជាមួយអ៊ីស្រាអែល និងបញ្ឈប់ការផ្គត់ផ្គង់អាវុធឱ្យទៅអ៊ីស្រាអែល៕