អង្គការសហប្រជាជាតិ៖ ការកើនឡើងថ្មីៗនៃជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសចិន រឺអាចហៅម្យ៉ាងទៀតថាជំងឺគ្រុនផ្តាសាយធំគឺជាបញ្ហាទូទៅដែលប្រទេសទាំងអស់ប្រឈមមុខ ហើយអាជ្ញាធរចិនស្ថិតនៅក្រោមការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព នេះបើតាមរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីថ្ងៃពុធ ។អង្គការសុខភាពពិភពលោក (WHO) កាលពីសប្តាហ៍មុនបានស្នើឱ្យប្រទេសចិនផ្តល់ព័ត៌មានលម្អិតអំពីការកើនឡើងនៃជំងឺផ្លូវដង្ហើម និងរាយការណ៍ពីចង្កោមនៃជំងឺរលាកសួតចំពោះកុមារដែលកំពុងតែផ្ទុះនៅក្នុងតំបន់មួយចំនួន។ មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថាការកើនឡើងនៃជំងឺគ្រុនផ្តាសាយធំនៅក្នុងប្រទេសចិនគឺមិនខ្ពស់ដូចមុនការរាតត្បាតនៃជំងឺកូវីដ-១៩ នោះទេ។
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានប្រាប់អ្នកយកព័ត៌មាននៅអង្គការសហប្រជាជាតិថា "ថ្មីៗនេះ យើងបានរកឃើញករណីគ្រុនផ្តាសាយមួយចំនួនក្នុងចំណោមកុមារនៅក្នុងតំបន់ខ្លះនៃប្រទេសចិន។ តាមពិតទៅ នោះគឺជាបាតុភូតទូទៅមួយនៅក្នុងប្រទេសជាច្រើន ហើយនៅក្នុងប្រទេសចិនចំពោះអ្នកកើតជំងឺគ្រុនផ្តាសាយធំត្រូវបានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព"។
សម្រាប់លោក Wang Yi "អន្តរកម្មរបស់ប្រទេសចិនជាមួយសហគមន៍អន្តរជាតិនឹងមិនរងផលប៉ះពាល់ដោយកត្តាណាមួយឡើយ ហើយចិនស្វាគមន៍ការមកទស្សនាកាន់តែច្រើនពីមិត្តភក្តិមកពីជុំវិញពិភពលោក"៕