កំពង់ចាម៖ នាពេលថ្មីៗនេះមន្រ្តីជំនាញនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល បានចុះបង្ក្រាបទីតាំងលក់ឱសថតាមប្រព័ន្ធអនឡាញស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោយពិនិត្យឃើញថាទីតាំងនេះមានឧបករណ៍សម្រាប់ការវេចខ្ចប់ និងឱសថក្លែងក្លាយចំនួន ៦ មុខ មានសារធាតុសកម្មមិនត្រឹមត្រូវតាមឱសថដើមឡើយ មានដូចជា ១.NUTRIENT CALCIUM Tablet . NUTRIENT CALCIUM Capsule M. NUTRIENT ANTACID Tablets G.SYMPTOMS ៥. CONSTIPAION និង ៦. ថ្នាំបន្តក់ភ្នែក EYE PLUS។ នេះបើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៩វិច្ឆិកានេះ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបញ្ជាក់ថាឱសថ NUTRIENT CALCIUM Tablet មានផ្ទុកសារធាតុសកម្មឱសថ Diclofenac Sodium និង NUTRIENT CALCIUM Capsule មានផ្ទុកសារធាតុសកម្មឱសថBetamethason ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ក្នុងករណីប្រើប្រាស់រយៈពេលច្រើនខែ។
អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលបានប្រាប់ពីវិធានការ និងការណែនាំដូចខាងក្រោម៖
១. បានបញ្ជូនជនសង្ស័យ ដែលបានវេចខ្ចប់ និងលក់ឱសថក្លែងក្លាយ ទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
២. សូមសាធារណជនបញ្ឈប់ការទិញឱសថខាងលើ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពគ្រប់ប្រភេទ តាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikTok, Telegram និងYoutubeព្រោះឱសថ និងផលិតផលទាំងនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ។
៣. ដើម្បីជៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួន និងប៉ះពាល់សុខភាពទៀតនោះ សូមសាធារណជនរកទិញឱសថ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដែលមានលេខទិដ្ឋាការ និងបញ្ញិកាពីក្រសួងសុខាភិបាល នៅតាមឱសថស្ថាន និងឱសថស្ថានរងស្របច្បាប់៕