Cc time web banner 054637

យុវជនក្រីក្រនិងងាយរងហានិភ័យ១៦០៨នាក់ចុះឈ្មោះចូលរៀន«ជំនាញវិជ្ជាជីវៈ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អ្នកចុះឈ្មោះចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបមានចំនួន ១ ៦០៨នាក់ (ស្រី ៥១៨នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ១ ០៣៤នាក់, បាត់ដំបង ១២១នាក់, ព្រះសីហនុ ៧៦នាក់, សៀមរាប ៦៨នាក់, កណ្តាល ៦៨នាក់និងបណ្ដាខេត្តផ្សេងៗចំនួន ២៤១នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ។

យោងតាមក្រសួងការងារ យុវជនទាំងអស់នេះនឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។

បើតាមក្រសួងការងារ គិតត្រឹមថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣ ក្រសួងបានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube និង TikTok មានចំនួនអ្នកចែករំលែកប្រមាណ ៥ម៉ឺនដង និង ចំនួនចូលទស្សនាប្រមាណជាង ១៥លានដង។បន្ថែមពីនេះ ក្រសួងក៏បានចុះយុទ្ធនាការផ្សព្វផ្សាយផ្ទាល់នៅតាមសង្កាត់ និង តាមខ្នងផ្ទះគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១០លើក និង បានបណ្តុះបណ្តាលជនបង្គោល ឱ្យចេះប្រើប្រាស់ កម្មវីធីចុះឈ្មោះរៀន តាមប្រព័ន្ធឌីជីថល ដើម្បីត្រៀមជួយដល់ ក្រុមគោលដៅក្នុងការចុះឈ្មោះចូលរៀនកម្មវិធី បណ្តុះបណ្តាលនេះ បានចំនួន ១១វគ្គផងដែរ។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជាមួយកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសត្រូវផ្តល់ជូនយុវជនគោលដៅចំនួន ១,៥លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង