Cc times  web banner kh

ក្រុមហ៊ុនចិនមួយគ្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងវិស័យរ៉ែនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ ក្រុមហ៊ុន Beijing Endi (Group) Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យរ៉ែ មកពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន មានបំណងពង្រីកការវិនិយោគមកកម្ពុជាក្នុងវិស័យរ៉ែ ហើយក៏មានការគិតគូរពីការបង្កើតនូវវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនដល់កម្មករនិយោជិតកម្ពុជាក្នុងវិស័យរ៉ែផងដែរ។ គោលបំណងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ជា វិទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នារសៀលថ្ងៃទី១៥មករា។

នាឱកាសនេះ លោក ជា វុទ្ធី បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង និងបានលើកឡើងពីរំហូរគម្រោងវិនិយោគផ្ទាល់ពីចិនលើទឹកដីកម្ពុជាដែលតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ហើយនិន្នាការនៃកំណើនត្រូវបានរំពឹងថានឹងបន្តកើនឡើង។

ជាមួយគ្នានេះ លោក Tang Changzhong ប្រធានក្រុមហ៊ុន Beijing Endi និងជាប្រធានគណៈប្រតិភូ បានសម្តែងនូវការអរគុណដល់លោកអគ្គលេខាធិការដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូក្រុមហ៊ុន និងបានជម្រាបជូនថា ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគមកកម្ពុជាក្នុងវិស័យរ៉ែ ហើយក៏បានមានការគិតគូរពីការបង្កើតនូវវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនដល់កម្មករនិយោជិតកម្ពុជាក្នុងវិស័យរ៉ែផងដែរ។

លោកអគ្គលេខាធិការបានស្វាគមន៍គម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនមកកម្ពុជា និងថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានគិតដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យរ៉ែ។ យ៉ាងណាមិញ លោកបានណែនាំឱ្យក្រុមហ៊ុនធ្វើការពិភាក្សាលក្ខណៈបច្ចេកទេសលម្អិតជាមួយក្រសួងរ៉ែ និងថាមពល ដែលជាក្រសួងមានសមត្ថកិច្ចក្នុងវិស័យរ៉ែជាមុនសិន។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រង់ចាំសម្របសម្រួល និងទទួលសំណើសុំចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុន៕




ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង