ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជាមានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុបចំនន ២.២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០% (ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់លោក។
បើតាមលោក ផន រឹម ប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ទនៈចំហេះក្នុងដែលជានិន្នាការចាស់។
អ្នកនាំពាក្យរូបនេះបន្តថា ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច ,ផាសុភាព, កម្រិតបំពុលក្នុងបរិយាកាសទាបបំផុត។ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិត នៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។
ទន្ទឹមនឹងនិន្នាការកើនឡើង រាជរដ្ឋាភិបាលនតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយ៍សាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ។ នេះបើតាមការលើកឡើងរបស់លោក ផន រឹម៕