Cc times  web banner kh

អ្នកជំនាញផ្តើម«ខួងយកដី»ដើម្បីត្រៀមចាក់គ្រឹះគម្រោងសាងសង់ស្ពាន«មិត្តភាពកម្ពុជា-កូរ៉េ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមមន្ត្រីជំនាញនៃក្រសួងសាធារណការ និង ដឹកជញ្ជូន កំពុងតែពិនិត្យសិក្សាស្រាវជ្រាវ ដើម្បីត្រៀមដំណើរការសាងសង់គម្រោង«មិត្តភាពកម្ពុជា-កូរ៉េ»តភ្ជាប់ពី ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ។គម្រោងនេះ មិនទាន់កំណត់ពីពេលវេលាជាក់លាក់ ដើម្បីបើកការដ្ឋានសាងសង់ជាផ្លូវការនៅឡើយទេ។

យោងតាមព័ត៌មានចុងក្រោយនៃការវិវត្តចុងក្រោយនៃគម្រោងសាងសង់ស្ពាន«មិត្តភាពកម្ពុជា-កូរ៉េ» គឺបច្ចុប្បន្ននេះ ក្រុមមន្ត្រីជំនាញនៃក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា បានឈានដល់ការខួងដី/យកសំណាកដីពិនិត្យ(បច្ចេកទេស) ដើម្បីត្រៀមចាក់គ្រឹះ និង ក្រុមអ្នកជំនាញកំពុងសិក្សាលម្អិត នៅផ្នែកសំខាន់ៗមួយចំនួនទៀត។នេះបើយោងតាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន ថ្លែងប្រាប់ ស៊ីស៊ីថាមស៍ នៅថ្ងៃទី ១៦ មករានេះ។

បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នក្រសួង និងភាគីពាក់ព័ន្ធនៃគម្រោងមិនទាន់កំណត់នៅឡើយសម្រាប់ពេលវេលាជាក់លាក់ណាមួយសម្រាប់បើកការដ្ឋានសាងសង់ជាផ្លូវការ ដោយរង់ចាំការប្រកាសដោយផ្ទាល់ពីប្រមុខថ្នាក់ដឹកនាំជាតិ។តែយ៉ាងណាក្តី កន្លងទៅក្រសួងធ្លាប់បង្ហើបថា គម្រោងតម្លៃប្រមាណ ២៣៥លានដុល្លារនេះ អាចនឹងបើកការដ្ឋានសាងសង់ជាផ្លូវការ ក្នុងរង្វង់ខែ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

គួរបញ្ជាក់ថា គម្រោង«មិត្តភាពកម្ពុជា-កូរ៉េ» ប្រភេទស្ពានខ្សែកាប (Two cable stayed bridges) មានប្រវែងនៃស្ពានសរុប ២.៣៧៥ម៉ែត្រ និង ទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប (Approach road) ១.១៧៤ម៉ែត្រ (ទទឹងផ្លូវ ២២,៥ម៉ែត្រ)។គម្រោងនេះ ត្រូវបានចុះហត្ថលេខា រួចហើយ រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២២៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង