ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីសម្ពោធ “ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រតិបត្តិការអាជីវកម្មរបស់សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ខណ្ឌដូនពេញ សង្កាត់ចតុមុខ” ស្ថិតនៅអគារលេខ៩&១៣ ផ្លូវលេខ៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារ ARDB។
បើតាមសេចក្ដីប្រកាស ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ លោក រស់ សីលវ៉ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរដែនដី, សមាជិកសហគមន៍កសិកម្មម្ចាស់រោងម៉ាស៊ីនកិនស្រូវ, ប្រធានក្រុមហ៊ុនកែច្នៃនិងនាំចេញអង្ករ, ព្រមទាំងក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ ARDB សរុបប្រមាណ ១៥០ នាក់។
ក្នុងរយៈពេល ២៦ឆ្នាំ កន្លងមកនេះ, ធនាគារ ARDB បានធ្វើកំណែទម្រង់ស៊ីជម្រៅ រួមមាន កាប្រែក្លាយប្រតិបត្តិការអាជីវកម្មពីធនាគារឯកទេសមកជាធនាគារពាណិជ្ជនៅឆ្នាំ២០១៩, ការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចសាជីវកម្ម, ការកែសម្រួលរចនាសម្ព័ន្ធ, ការពង្រឹងនិងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក និងការធ្វើទំនើបកម្មនូវប្រព័ន្ធបច្ចេកវិទ្យា។ ធនាគារ ARDB បានពង្រីកទំហំនិងវិសាលភាពប្រតិបត្តិការជាបន្តបន្ទាប់ស្របតាមផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំ និងផែនការយុទ្ធសាស្ត្រអាជីវកម្ម ៣ឆ្នាំ រំកិល ហើយបច្ចុប្បន្ននេះធនាគារមានសាខាចំនួន ២គឺ សាខាខេត្តបាត់ដំបង និងសាខាខណ្ឌដូនពេញ-សង្កាត់ចតុមុខ រាជធានីភ្នំពេញ។
ការដាក់ឱ្យដំណើរការប្រតិបត្តិការអាជីវកម្មរបស់សាខាខណ្ឌដូនពេញ-សង្កាត់ចតុមុខនេះ នឹងបើគ្នានិយ៉ាងសំខាន់សម្រាប់ការផ្តល់សេវាធនាគារឱ្យកាន់តែទូលំទូលាយ ផ្ដល់ភាពងាយស្រួល និងខិតជិពីអតិថិធម៌ ដូចជាការផ្តល់ឥណទាន, ការធ្វើប្រតិបត្តិការដក-ដាក់ប្រាក់បញ្ញើ, ការធ្វើប្រតិបត្តិការផ្ទេរប្រាក់, ការធ្វើប្រតិបទូទាត់សងប្រាក់ និងប្រតិបត្តិការធនាគារផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ធនាគារ ARDB ក៍មានបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងប្រទេស ដោយមានការិយាល័យចល័តតាមខេត្តសរុបចំនួន ១៦ រួមមាន+ ខេត្តបន្ទាយមានជ័យ,ឧត្តរមានជ័យ, ព្រះវិហារ, សៀមរាប, ស្ទឹងត្រែង, រតនគិរី, ក្រចេះ, ត្បូងឃ្មុំ, ព្រៃវែង, តាកែវ, កំពង់ចាម, កំពង់ឆ្នាំង, កំពង់ធំ, ពោធិ៍សាត់, កំពង់ស្ពឺ និងស្វាយរៀង។
គិតត្រឹមខែធ្នូឆ្នាំ២០២៤ ធនាគារ ARDB មានសំពៀតឥណទានសរុបចំនួន ៤៩៣ លានដុល្លារអាមេរិក ដែលមានកំណើនជាមធ្យមប្រមាណ ៣០% ក្នុងមួយឆ្នាំ គិតក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយ(២០១៩-២០២៤)។ ក្នុងនោះ ឥណទានវិស័យស្រូវអង្ករ មានសមាមាត្រធំជាងគេ គឺប្រមាណ៤២,៣%ធៀបនឹងសំពៀតឥណទានសរុប។ ទ្រព្យសកម្មសរុប (Total Assets) គឺចាប់ផ្តើមពី ២,៥ លានដុល្លារអាម៉េរិក នៅឆ្នាំ១៩៩៨ រហូតកើនដល់ប្រមាណជា ៥៧៥ លានដុល្លារអាម៉េរិក នៅឆ្នាំ ២០២៤៕