មីយ៉ាន់ម៉ា៖ មេខ្លោងឆបោកតាមអនឡាញ នៅតំបន់ស្វយ័ត Kokang ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ត្រូវបានប៉ូលីសមីយ៉ាន់ម៉ាបើកប្រតិបត្តិការចុះបង្គ្រាបដោយចាប់ខ្លួនប្រគល់ឱ្យអាជ្ញាធរចិន។ ការចាប់ខ្លួននេះ ដោយមានប៉ូលីសចិន បានចាប់ផ្តើមអនុវត្តច្បាប់រួមគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
ជនសង្ស័យ Ming Guoping Ming Julan និង Ming Zhenzhen គឺជាមេខ្លោងដឹកនាំសំខាន់ៗនៃក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ នៅតំបន់ស្វយ័ត Kokang ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយត្រូវបានប្រគល់ឲ្យប៉ូលិសចិន។ចំណែកលោក Ming Xuechang បានធ្វើអត្តឃាតខ្លួនឯង កាលពីយប់ថ្ងៃទី ១៥ ដោយភ័យខ្លាចការដាក់ទោសអំឡុងពេលប្រតិបត្តិការចាប់ខ្លួនដែលធ្វើឡើងដោយភាគីមីយ៉ាន់ម៉ា។
មេដឹកនាំឧក្រិដ្ឋជន Ming Xuechang គឺជាជនសំខាន់នៃគ្រួសារ Ming នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ ក្នុងឆ្នាំ២០០៩ រូបគេត្រូវបានតែងតាំងជាអភិបាលស្រុក Kokang ដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហើយ ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងតំបន់ស្វយ័ត Kokang ហើយប្រព័ន្ធសារព័ត៌មានផ្លូវការក្នុងស្រុកបានហៅគាត់ថាជា «មេដឹកនាំចាស់»។ លោក Ming Xuechang និង គ្រួសាររបស់គេបានបង្កើតមូលដ្ឋានឆបោកអនឡាញដោយសម្ងាត់មួយដែលមានឈ្មោះថា «Crouching Tiger Villa» ដែលគ្របដណ្តប់លើផ្ទៃដីជិត ២០០ ហិកតា។
ក្នុងចំណោមអ្នកទាំងបីដែលត្រូវបានចាប់ខ្លួននោះ លោក Ming Guoping ជាកូនប្រុសទីពីររបស់ Ming Xuechang និង មានតួនាទីជាមេដឹកនាំកងជីវពលមូលដ្ឋាន។ Ming Julan និង Ming Zhenzhen គឺជាកូនស្រីច្បង និង ជាចៅស្រីរបស់ Ming Xuechang ដោយអ្នកទាំងពីរ កាន់អត្តសញ្ញាណប័ណ្ណជនជាតិចិន។
សូមបញ្ជាក់ថា អង្គភាពសន្តិសុខសាធារណៈនៅទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី១២ បានប្រកាសផ្តល់រង្វាន់សម្រាប់ការចាប់ខ្លួនមនុស្ស ៤នាក់ខាងលើ ហើយបានចោទប្រកាន់ថា ក្រុមឧក្រិដ្ឋជនដែលដឹកនាំដោយ Ming Xuechang បានរៀបចំ និងបើកកន្លែងឆបោក ដោយបើកចំហ និងមានក្រុមប្រដាប់អាវុធការពារពីក្រោយ ដែលក្រុមឧក្រិដ្ឋជនបានប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញលើពលរដ្ឋចិន ដែលជាប់សង្ស័យនឹង បទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដូចជាការឃាតកម្ម ការបង្ករបួសដោយចេតនា និងការឃុំខ្លួនដោយខុសច្បាប់ ជាដើម៕