Cctimesw1140xh150cm copy

លោកស៊ី ជីនពីងផ្តើមជាន់ទឹកដីអាម៉េរិកនិងគ្រោងជួបជាមួយលោក ចូ បៃដិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង បានទៅដល់ទឹកដីអាម៉េរិក នៅថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០២៣។ 

សាន់ហ្វ្រាន់ស៊ីស្កូ៖លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃទី ១៤ វិច្ឆិកាម្សិលមិញ បានទៅដល់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូរបស់សហរដ្ឋអាម៉េរិកហើយ ដើម្បីចូលរួមកិច្ចប្រជុំអង្គការ​សហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដែលចាប់ផ្តើមពីថ្ងៃទី​១១ ដល់​ទី១៧ វិច្ឆិកា ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ការទៅដល់របស់លោកសុីនៅពេលនេះ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់អាម៉េរិក។តាមការគ្រោងទុក លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងជួបប្រជុំទ្វេរភាគី ជាមួយ​លោក​ប្រធានាធិបតី ចូ បៃដិន។ ជំនួបដ៏សំខាន់នេះ ត្រូវគេរំពឹងថា អាចនឹងនាំ​ឲ្យមានការសម្របសម្រួលគ្នា ក្នុង​​​ទំនាក់ទំនងរវាងចិននិងអាមេរិក ដែលកំពុងតែ​​ល្អក់កករខ្លាំង​។​

ការអញ្ជើញដល់របស់លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង លើទឹកដីអាម៉េរិក មានការទទួលស្វាគមន៍ដោយអភិបាលរដ្ឋកាលីហ្វ័រញ៉ា រដ្ឋលេខាធិការរតនាគារសហរដ្ឋអាម៉េរិក និង អ្នកតំណាងអាម៉េរិកផ្សេងទៀតនៅអាកាសយានដ្ឋានអន្តរជាតិសាន់ហ្វ្រាន់ស៊ីស្កូ។

ក្នុងពេលមានវត្តមានលើទឹកដីអាម៉េរិកនៅពេលនេះ លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងជួបប្រជុំទ្វេរភាគី ជាមួយ​លោក​ប្រធានាធិបតី ចូ បៃដិន ដែលគេរំពឹងថានឹងនិយាយគ្នាស៊ីជម្រៅ ស្តី​អំពី​បញ្ហា​ទូទៅផង និង បញ្ហាយុទ្ធសាស្ត្រផង ដោយ​ផ្តោតសំខាន់ទៅលើទំនាក់​ទំនង រវាងចិន និងសហរដ្ឋអាម៉េរិក។ជំនួបនេះនឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងរវាងប្រធានាធិបតីទាំងពីរ ចាប់តាំងពីកិច្ចប្រជុំនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីកាលពីមួយឆ្នាំមុន។

នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃចន្ទ ទី​១៣វិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បានបញ្ជាក់ថា  ប្រធានាធិបតីទាំង២ នឹងនិយាយអំពី សន្តិភាព និងការអភិវឌ្ឍន៍ ហើយថែមទាំងបាន​អំពាវនាវឲ្យអាម៉េរិក ត្រូវតែគោរព​ដោយ​ស្មោះត្រង់ ចំពោះការព្រួយបារម្ភដ៏សមហេតុសមផលរបស់ចិន ព្រមទាំង​សិទ្ធិស្របច្បាប់របស់ចិនក្នុងការអភិវឌ្ឍន៍ ជាជាង​ការគិតខ្វល់តែប្រយោជន៍ខ្លួនឯង ហើយ​គិតតែពីដាក់ឧបសគ្គ​រំខានរារាំង​មកលើ​ចិន​។ 

ចំណែកអ្នកនាំពាក្យសេតវិមាន អាម៉េរិកវិញ បាន​បញ្ជាក់​ឲ្យដឹងថា ប្រធានាធិបតីទាំង២ នឹងនិយាយ​អំពី បញ្ហាទ្វេរភាគី បញ្ហាតំបន់ និងពិភពលោកផង ព្រមទាំងអំពីការរិះរកមធ្យោបាយ ដើម្បី​គ្រប់គ្រង​ឲ្យ​ការប្រកួតប្រជែងគ្នា មានលក្ខណៈទទួលខុសត្រូវ​។

សាន់ហ្វ្រាន់ស៊ីស្កូ គឺជាទីក្រុងម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដោយមានប្រធានបទ "ការបង្កើតភាពធន់ និង អនាគតប្រកបដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា"។មន្ត្រីអមដំណើររបស់លោកសុី មាន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និង ជានាយកការិយាល័យទូទៅនៃគណៈកម្មាធិការកណ្តាលចិន និងលោក Wang Yi សមាជិកការិយាល័យនយោបាយនៃ គណៈកម្មាធិការកណ្តាល CPC និងរដ្ឋមន្ត្រីការបរទេស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង