ប៉េកាំង៖ អ្នកកាសែតជើងចាស់កម្ពុជា និង ជាប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) លោក ពុយ គា បានអញ្ញើញអ្នកផលិតខ្សែភាពយន្ត «No More Bets» មកថតរឿងវគ្គ២ ដើម្បីស្ដារវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេស កេរ្តិ៍ឈ្មោះនៃខេត្តព្រះសីហនុ។ការប្រកាសអញ្ជើញយ៉ាងដូច្នេះធ្វើឡើងក្នុងពេលលោក ពុយ គា នៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលចិន-កម្ពុជា ដែលបានធ្វើនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ក្នុងវេទិកាធំរបស់ចិន លោក ពុយ គា បានហៅការផលិតខ្សែភាពយន្ត «No More Bets» បាននាំឱ្យកម្ពុជាជាអ្នករងគ្រោះដោយសាររឿងនេះ ហើយបានយកឱកាសនេះធ្វើការផ្ដល់យោបល់ឱ្យអ្នកជំនាញរបស់កម្ពុជា និងចិន ជួយរិះរកវិធីសាស្ត្រ ដើម្បីជួយស្ដារទំនុកចិត្តនេះឡើងវិញ។
ក្នុងនាមជាប្រធានក្លឹបអ្នកកាសែតកម្ពុជា លោកប្រកាសសាកល្បងធ្វើជាស្ពានតភ្ជាប់ ដើម្បីឱ្យអ្នកផលិតខ្សែភាពយន្តរឿង No More Bets អាចមកផលិតវគ្គ២នៅកម្ពុជាដោយថតនៅខេត្តព្រះសីហនុ ដើម្បីមើលឃើញពីស្ថានភាពជាក់ស្តែងរបស់ខេត្ត ជៀសវាងផ្សាយដោយគ្មានមូលដ្ឋានច្បាស់លាស់។
គួរបញ្ជាក់ថា ខ្សែភាពយន្ត «No More Bets» គឺជាខ្សែភាពយន្តឧក្រិដ្ឋកម្មតាមអុីនធឺណិតដែលរៀបរាប់ពីរឿងរ៉ាវមនុស្ស ត្រូវបានជួញដូរទៅក្រៅប្រទេស និងបង្ខំឱ្យបោកប្រាស់តាមអ៊ីនធឺណិត។ ក្នុងភាពយន្តនេះ កម្ពុជាត្រូវបានគេបង្ហាញដោយប្រយោលថាជាប្រទេសដ៏មានគ្រោះថ្នាក់មួយ។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រតិកម្មចំពោះភាពយន្តចិន ដែលមានចំណងជើងថា «No more bets» ថាបានកំពុងធ្វើឱ្យប៉ះពាល់ដល់កម្ពុជាធ្ងន់ធ្ងរ និង បានសម្រេចចាត់វិធានការណ៍ ដោយបានដាក់លិខិតទៅប្រទេសចិន តាមរយៈស្ថានទូតចិនប្រចាំ កម្ពុជា ស្នើសុំកុំឱ្យ ចាក់បញ្ចាំងភាពយន្តចិនមួយនេះ។