ព្រៃវែង៖ លោក ប៊ិន ឆារ៉ាន់ មានអាយុ៤២ឆ្នាំ កំពុងប្រកបរបរជាអ្នកសូនរូប នៅក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ លោក ប៊ិន ឆារ៉ាន់ បានចាប់ផ្ដើមការងារដំបូងជាអ្នកគូរគំនូរតាមវត្តអារាម នៅក្នុងឆ្នាំ១៩៩៨។ នៅក្នុងឆ្នាំ២០០៥ លោកបានចាប់អារម្មណ៍សិល្បៈសូនរូប នៅបានទៅរៀនជំនាញនេះពីលោកគ្រូម្នាក់ នៅសាលារចនាមរតកខ្មែរ ក្នុងខេត្តសៀមរាប។ លោក ប៊ិន ឆារ៉ាន់ បានបន្ដការងារជាអ្នកគូរគំនូរ រហូតដល់ឆ្នាំ២០១៩ ទើបលោកបានចាប់អាជីពជាអ្នកសូនរូបរហូតមកដល់សព្វថ្ងៃនេះ។
លោក ប៊ិន ឆារ៉ាន់ បានប្រាប់ស៊ីស៊ីថាមស៍ថា លោកចាប់អារម្មណ៍លើកការងារសូនរូបតាំងពីឆ្នាំ២០០៥ មកម្លេះ ហើយនៅក្នុងឆ្នាំ២០០៥ លោកបានសិក្សាផ្នែកសិល្បៈសូនរូប ដូចជា ឆ្លាក់ឈើ ឆ្លាក់ថ្ម និង គូរគំនូរ ពីលោកគ្រូ ដួង តារាវិវត្ត រយៈពេល៦ខែ ដែលលោកគ្រូរបស់លោកបានបើកសិប្បកម្មធំមួយ មានឈ្មោះថា «សាលារចនាមរតកខ្មែរ» នៅក្នុងខេត្តសៀមរាប។ បច្ចុប្បន្នលោកគ្រូ ដួង តារាវិវត្ត កំពុងរស់នៅប្រទេសញ៉ូហ្សេលេន ដោយមិនបានបន្ដបើសិប្បកម្មនេះទៀតឡើយ។
ការរៀនផងធ្វើការឱ្យគ្រូផង វាមិនស្រួលនោះទេសម្រាប់លោក ពេលខ្លះម៉ោង២ឬម៉ោង៣ទើបបានសម្រាក ពេលខ្លះមិនបានសម្រាក់រហូដល់ភ្លឺក៏មានដែរ។ ដោយលោកគ្រូរបស់លោកបានទទួលការងារផ្សេងៗពីបារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ ហើយលោកបានសូនរូបហង្ស អប្សរា ព្រះពុទ្ធរូប ជាដើម។ សម្រាប់លោកលុយមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺចំណេះដឹង ហើយការរៀនរបស់លោកមានការយកចិត្ដទុកដាក់ខ្លាំង ទើបលោកបានចេះច្បាស់លាស់លើកជំនាញនេះ។
លោកបានបន្ដថា មុនរៀនសូនរូប លោកបានគូរគំនូរ នៅតាមព្រះវិហារ សាលាឆាន់ សាលាធម្មសភា នៅតាមវត្តអារាម នានានៅតាមបណ្ដាខេត្ត តាំងពីឆ្នាំ១៩៩៨ មកម្លេះ។ លោកបានចាប់អាជីពជាជាងគំនូរតាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៩ ដោយនៅក្នុងឆ្នាំ២០១៩នោះ ជំងឺកូវីដ-១៩ បានផ្ទុះឡើង និងរីករាលដាលស្ទើទូទាំងប្រទេស។ ជាពិសេសនៅវត្តអារាមដែលលោកកំពុងគូរ ក៏បានបិទ និងផ្អាកការងារ ដោយព្រោះមានការឆ្លង ក៏ដូចជារីករាលដាលនៃជំងឺកូវីដ-១៩។
ដោយព្រោះការអត់ការងារ និងអផ្សុកផងនោះ លោក ប៊ិន ឆារ៉ាន់ ក៏គិតដល់កាលរៀនសិល្បៈសូនរូប នៅក្នុងឆ្នាំ២០០៥។ នៅពេលនោះលោកបានទិញដីឥដ្ឋ យកមកសូនរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត ហើយការសូនរូបនោះ លោកបានចំណាយពេល រយៈពេលមួយខែទើបសូន រួចរាល់។ នៅពេលបានសូនរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត រួចហើយ លោកបានបង្ហោះរូបភាពនៅលើបណ្ដាញសង្គមរបស់លោក និងទទួលបានការគាំទ្រជាច្រើនពីសាធារណជន។ សាធារណជនចាប់ផ្ដើមចាប់អារម្មណ៍លើស្នាដៃរបស់លោកតាំងពីពេលនោះមក។
ចាប់តាំងពីផ្ទុះការចាប់អារម្មណ៍ តាំងពីឆ្នាំ២០១៩នោះមក លោកក៏ចាប់អារម្មណ៍លើសិល្បៈសូនរូប តាំងពីពេលនោះមក និងមានសាធារណជន កម្មង់ការសូនរូបផ្សេងៗ រហូតដល់សព្វថ្ងៃនេះ។ ការដែលលោកចាប់អារម្មណ៍លើការងារសូនរូប ដោយសារតាំងពីលោកសូនរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត លោកទទួលបានការអារម្មណ៍ពីសាធារណជន ដូច្នេះលោកក៏ចាប់ចាប់ផ្ដើមធ្វើការងារនេះតាំងពីពេលនោះមក។
សម្រាប់លោក ប៊ិន ឆារ៉ាន់ ការសូនរូបនិមួយៗចំណាយពេលយូរ ដូចជារូបមួយកំណាត់ខ្លួន លោកចំណាយពេលមួយសប្ដាហ៍ទើបរួចរាល់ ប៉ុន្ដែសម្រាប់រូបមួយជំហរខ្លួន មិនថារូបឈរ អង្គុយ ឬភ្នែន នោះទេ គឺត្រូវការពេលវេលាមួយខែទើបរួចរាល់។ ចំណែកតម្លៃនៃការសូនរូបនិមួយៗ អាស្រ័យទៅលើទំហំរូប និងវត្ថុធាតុដើម ថាតើអតិថិជនកម្មង់ ស៊ីម៉ង ជ័រស្មាច់ ស៊ីលីកូន ដេរ៉ា ឬស្ពាន់។ ដូច្នេះតម្លៃគឺអាស្រ័យលើទំហំ និងវត្ថុធាតុដើមទាំងនោះ។
លោក ប៊ិន ឆារ៉ាន់ បានឱ្យដឹងទៀតថា មានអតិថិជនគ្រប់ខេត្តក្រុងបានកម្មង់លោកឱ្យសូនរូបឪពុកម្ដាយរបស់ពួកគេ ឬរូបផ្សេងៗ ពិសេសអតិថិជននៅភ្នំពេញ ខេត្តបាត់ដំបង សៀមរាប ព្រៃវែង បន្ទាយមានជ័យ ព្រះសីហនុ និងអាម៉េរិក ជាដើម។ ភាគច្រើនអតិថិជនកម្មង់ស្ពាន់ និងជ័រស្មាច់ ក្នុងសូនរូបឪពុកម្ដាយរបស់ពួកគេ។ មានអតិថិជនខ្លះ មកផ្ទាល់ឱ្យសូនរូបរបស់ពួកគេ ក៏មានដែរ។ សម្រាប់ការសូនរូបនេះ ក្នុងមួយខែលោកអាចសូនរូបបានចំនួន៤ សម្រាប់រូបមួយកំណាត់ខ្លួន និងរូបមួយជំហរខ្លួន បានចំនួន១ឬ២ប៉ុណ្ណោះ។
លោក ប៊ិន ឆារ៉ាន់ បានបញ្ជាកថា នាថ្ងៃអនាគត ប្រសិនបើជីវភាពរបស់លោកបានល្អប្រសើរលោកមានបំណងបើកសមាគមន៍បណ្ដុះបណ្ដាលយុជនជំនាន់ក្រោយ ដូចជាក្មេងកំព្រា អ្នកដែលមានដុង និងចង់រៀន លោកនឹងបណ្ដុះបណ្ដាល និងបង្រៀនពួកគេ ដោយមិនយកប្រាក់នោះទេ សំខាន់ឱ្យតែវិស័យសូនរូបនៅកម្ពុជា មានគេស្គាល់ និងមានភាពទូលំទូលាយនៅកម្ពុជា។
សូមបញ្ជាក់ថា លោក ប៊ិន ឆារ៉ាន់ មានអាយុ៤២ឆ្នាំ មានទីកន្លែងកំណើតនៅ ភូមិពោធិ៍ស្វាយមីង ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នលោករស់នៅ ភូមិព្រៃដើមថ្នឹងទី២ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ លោក ប៊ិន ឆារ៉ាន់ បានរៀបការជាមួយភរិយាឈ្មោះ ន ស្រីធំ និងមានកូនចំនួន៤នាក់ ដែលក្នុងនោះកូនប្រុសពៅ មានដុងខាងសិល្បៈសូនរូបនេះ ដូចលោកដែរ។ លោកក៏មានបំណងបណ្ដុះបណ្ដាល កូនប្រុសពៅរូបនេះ ដើម្បីឱ្យគេស្នងនូវជំនាញនេះពីលោក ហើយលោកគិតថានៅពេលកូនប្រុសរបស់លោកមានអាយុ១៣ឆ្នាំ គឺគេអាចធ្វើការងារនេះជំនួសលោកបានហើយ៕