ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី ១២ វិច្ឆិកា បានអនុញ្ញាតិឲ្យកីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) និង កីឡាករប្រដាល់គុណខ្មែររបស់កម្ពុជា លោក ព្រំ សំណាង ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម។ក្នុងជំនួបនោះ កីឡាករប្រដាល់មីយ៉ាន់ម៉ា បានប្រាប់សម្តេច ហ៊ុន ម៉ាណែតថា កមកម្ពុជាពេលនេះ គឺមិនមានបំណងអ្វីផ្សេងឡើយ ក្រៅតែពីការប្រកួតជាលក្ខណៈមិត្តភាព។
ក្នុងពេលវត្តមាននៅកម្ពុជា កីឡាករ ដាវ លឺដុឌ បានបង្ហាញនូវការភ្ញាក់ផ្អើលប្រកបដោយមោទកភាព ចំពោះការរាក់ទាក់ទទួលស្វាគមន៍វត្តមានរបស់លោក ពីសំណាក់ប្រជាជនកម្ពុជា ហើយលោកបានចាត់ទុកថា ប្រទេសកម្ពុជា គឺជាផ្ទះទីពីររបស់លោក ។
បើតាមកីឡាករ ដាវ លឺដុឌ ការសម្រេចចិត្តមកប្រកួតនៅក្នុងប្រទេសកម្ពុជាលើកនេះ គឺមិនមានបំណងអ្វីផ្សេងឡើយ ក្រៅតែពីការប្រកួតជាលក្ខណៈមិត្តភាព ហើយដែលនេះ គឺជាព្រឹត្តិការណ៍ដ៏ធំជាលក្ខណៈប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងប្រជាជនភូមា រួមទាំងប្រជាជននៃបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោកកំពុងរង់ចាំទស្សនា។
សម្តេច ហ៊ុន ម៉ាណែត បានស្វាគមន៍វត្តមានរបស់កីឡាករ ដាវ លឺដុឌ និងភរិយា ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់គុណបុរាណខ្មែរ និងជាការចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-ភូមា លើផ្នែកក្បាច់គុណប្រពៃណីរបស់ប្រទេសទាំងពីរ ហើយមួយវិញទៀត ក៏ជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងអំពីគុនខ្មែរនៅក្នុងមជ្ឈដ្ឋានជាតិ និង ការផ្សព្វផ្សាយអំពីគុនខ្មែរឱ្យពិភពលោកបានស្គាល់។
សម្រាប់សម្តេច ការផ្តួចផ្តើមរៀបចំឱ្យមានការសំយោគក្បាច់គុនល្បុក្កតោ, គុនខ្មែរ និង យុទ្ធក្រមខម ឱ្យក្លាយទៅជាក្បាច់គុនកងយោធពលខេមរភូមិន្ទ ដើម្បីឱ្យកងទ័ពរក្សាបាននូវវិន័យ, សុខភាព និង សិល្បៈការពារខ្លួន ក៏ដូចជាការចូលរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីជាតិ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ។
គួរបញ្ជាក់ថា នៅថ្ងៃទី ៥ វិច្ឆិកាខាងមុខទៀតនោះ ជំនួបរវាងកីឡារករបស់ភូមា ដាវ លឺដុឌ និងកីឡាករខ្មែរ ព្រំ សំណាង ដែលជាកីឡាករលំដាប់ជួរមុខនៅកម្ពុជានឹងចាប់ផ្តើម សម្រាប់ការប្រគួតមិត្តភាពអន្តរជាតិ ៣ទឹក ហើយក្នុងមួយទឹករយៈពេល ៣នាទី៕