Cc times  web banner kh

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នឹងដាក់ឲ្យដំណើរការនាពាក់កណ្តាលខែវិច្ឆិកានេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បឹងជើងឯក គ្រោងធ្វើការប្រគល់-ទទួលជូនរដ្ឋបាលរាជធានីភ្នំពេញនិងដាក់ឱ្យដំណើរការ នៅដើមសប្តាហ៍ទី ២ នៃខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បឹងជើងឯក សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) លើផ្ទៃដីទំហំ ៣ ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនប្រមាណ ២៣៤០ លានយេន ស្មើនឹងប្រមាណ ២០លានដុល្លារអាម៉េរិក។

លោក ចៅ សុភៈភិបាល អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបច្ចេកទេសអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះទស្សនកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ដោយមានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញក្រោម ឱវាទ និងមន្ត្រីបច្ចេកទេស ក្រោមការសម្របសម្រួលពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់។

គួរបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២គ្រឿង បាន ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង