កោះកុង៖លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី ៣១ តុលានេះ បានប្រកាសផ្តល់ថវិកា៤លានរៀល ដល់អ្នកផ្តល់ព័ត៌មានពីអត្តសញ្ញាណជនសង្ស័យដែលវ៉ៃសម្លាប់សត្វឈ្លូសនៅឆ្នេរសមុទ្រកុកហាវ ភូមិពាមកាយ ឃុំកោះស្តេច។លោកស្រីអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរមេត្តាចូលរួម ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃនេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងចាត់ទុកករណីវៃសម្លាប់សត្វឈ្លូស គឺជាអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។
លោកស្រី បានលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ ហើយសន្យាថានឹងរក្សាទុកជាការសម្ងាត់។
គួរបញ្ជាក់ថា តាមរយៈវីដេអូគេឃើញបុរសម្នាក់បានយកឈើវៃសម្លាប់សត្វឈ្លូសដែលកំពុងហែលទឹករកទីកន្លែងគោក។វីដេអូនេះ បានបង្កឱ្យមានការរិះគន់ជាខ្លាំងពីប្រជាពលរដ្ឋតាមបណ្តាញសង្គម និងស្នើសុំដល់អាជ្ញាធរខេត្តកោះកុងស្វែងរកបុរសគ្នា ដើម្បីដាក់ទោសតាមផ្លូវច្បាប់៕