សេអ៊ូល៖ សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធដែនអាកាសដ៏ធំនៅថ្ងៃចន្ទ ទី៣០ ខែតុលារួមគ្នា ដោយមានការចូលរួមពីយន្តហោះចម្បាំងចំនួន ១៣០ គ្រឿងមកពីប្រទេសទាំងពីរ ដើម្បីក្លែងធ្វើប្រតិបត្តិការសង្គ្រាមរយៈពេល ២៤ ម៉ោង។ សមយុទ្ធនេះធ្វើឡើងចំពេលភាពតានតឹងរវាងកូរ៉េខាងត្បូង និងខាងជើងកំពុងស្ថិតនៅក្នុងបន្ទាត់ក្រហម។
កងទ័ពអាកាសកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធប្រចាំឆ្នាំដែលមានឈ្មោះថា Vigilant Defence នឹងដំណើរការរហូតដល់ថ្ងៃសុក្រ ដែលបង្ហាញពីប្រភេទយន្តហោះចម្បាំងបំបាំងកាយ F-35 ទាំងពីររបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។សមយុទ្ធនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការរវាងយោធាទាំងពីរ ដោយអនុវត្តបេសកកម្មតាមអាកាសសំខាន់ៗ ដូចជាសមយុទ្ធបាញ់គ្រាប់ពិតពីអាកាសទៅដី ប្រតិបត្តិការប្រឆាំងអាកាសការពារ និងការហ្វឹកហ្វឺនសង្គ្រោះបន្ទាន់ផ្សេងទៀត។
យោធាកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងនឹងរក្សាការត្រៀមខ្លួនប្រយុទ្ធល្អបំផុត ដើម្បីឆ្លើយតបភ្លាមៗ និងដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះការបង្កហេតុរបស់សត្រូវ តាមរយៈការហ្វឹកហ្វឺនដ៏ខ្លាំងក្លាមួយដែលត្រៀមខ្លួនដើម្បីការពារពីការវាយប្រហាររបស់សត្រូវ" ។សមយុទ្ធនេះបានកើតឡើងនៅពេលដែលកូរ៉េខាងជើងបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្សី។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son Hui បាននិយាយកាលពីថ្ងៃសៅរ៍ថា វាគឺជា "ឆន្ទៈដ៏ខ្ជាប់ខ្ជួន" របស់ទីក្រុងព្យុងយ៉ាង ដើម្បីពង្រីកទំនាក់ទំនងជាមួយរុស្សី លោកចាត់ទុកថាទំនាក់ទំនងរបស់រុស្សីនឹងកូរ៉េខាងជើងនិងដើរតួជាបញ្ហាដ៏ចម្បងប្រសិនបើសន្តិសុខក្នុងតំបន់មានគ្រោះថ្នាក់។ប្រទេសកូរ៉េខាងជើងបានថ្កោលទោសជាយូរយារណាស់មកហើយ សមយុទ្ធរួមគ្នារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងថាជាការហាត់សមសម្រាប់ការឈ្លានពានចូលដែនដីកូរ៉េខាងជើង៕