ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៣០ តុលានេះ បានប្រកាសយកអាណត្តិទី៧នេះជាពេលវេលាដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេច ដើម្បីកែទម្រង់លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឱ្យកាន់តែប្រសើរ។ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និង សមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន។
ពីទឹកដីខេត្តកំពង់ស្ពឺនៅព្រឹកនេះសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចំណាយប្រហែលជាងមួយម៉ោង ដើម្បីថ្លែងពីសារនយោបាយនានាជូនដល់ប្រជាពលរដ្ឋ។ក្នុងវេទិកានៅថ្ងៃនេះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងផ្តោតសំខាន់លើការកែទម្រង់លើវិស័យយុត្តិធម៌នៅកម្ពុជា។
បើតាមសម្តេច ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិទី៧ កែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ, ជំរុញពន្លឿនការដោះ ស្រាយសំណុំរឿងដែលស្ទះកកនៅតុលាការ និង ទី៣ ដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការជាដើម។
សម្តេចបានបញ្ជាក់ថា ការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ ជា វិធីសាស្ត្រដែលសង្គមកម្ពុជា បានអនុវត្តតាំងពីយូរលង់កន្លងមកហើយ ហើយរាជរដ្ឋាភិបាលនៅអាណត្តិទី៧ គឺជារដ្ឋាភិបាលអនុវត្តនូវវិធីសាស្ត្រជាក់ ស្ដែងនិយម មិនមែនទ្រឹស្ដីនិយម និងត្រូវចេញជាលទ្ធផលជាក់ស្ដែងជូនដល់អ្នកប្រើប្រាស់សេវា និងប្រ ជាពលរដ្ឋ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាវិធានការមួយនៃការពង្រឹងលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌។ការបង្កើតការរៀបចំ និង កិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណង កាត់បន្ថយការកក់ស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី , គឺបង្ខិតសេវាដោះស្រាយវិវាទឲ្យកាន់តែកៀកទៅហ្នឹងប្រជាពលរដ្ឋ និងធានាបាននៅសុខដុមរមនា និងយុត្តិធម៌សង្គមសម្រាប់ប្រជាពលរដ្ឋ៕