អ៊ីស្រាអែល៖ ចំនួនអ្នកស្លាប់រួមគ្នានៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលដែលកំពុងបន្តបានកើនឡើងលើសពី ៩,០០០ នាក់គិតត្រឹមថ្ងៃទី ៣០ ខែតុលា នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរសុខាភិបាលនៃប្រទេសទាំងសងខាង ជម្លោះនៃប្រទេសទាំងពីរនៅតែបន្តកើនឡើង ខណៈភាគីទាំងពីរបានអះអាងថាមានការប្រយុទ្ធគ្នាថ្មីៗនៅតំបន់ហ្គាហ្សា និងក្បែរតំបន់ប៉ាឡេស្ទីនមួយចំនួនទៀត។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនកំពុងពង្រីកប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីយប់ថ្ងៃសុក្រ ស្របពេលដែលយោធានៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានអះអាងថាក្រុមរបស់ខ្លួនបានចូលរួមក្នុងការប្រយុទ្ធដ៏ខ្លាំងក្លាជាមួយនឹងការលុកលុយរបស់កងទ័ពអ៊ីស្រាអែល។ ក្នុងនោះកងកម្លាំងអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារតាមអាកាសកាន់តែខ្លាំងកាលពីយប់ថ្ងៃសុក្រ ដោយវាយលុកទៅលើគោលដៅក្រុមហាម៉ាស់ក្រោមដីចំនួន ១៥០ កន្លែងនៅតំបន់ហ្គាហ្សា និងបានសម្លាប់សមាជិកក្រុមហាម៉ាស់មួយចំនួនថែមទៀត។
កងទ័ពអ៊ីស្រាអែលបានឲ្យដឹងទៀត កងទ័ពថ្មើរជើង IDF កងវិស្វកម្មប្រយុទ្ធ និងរថក្រោះនៅតែស្ថិតក្នុងទីវាលត្រៀមប្រយុទ្ធ ហើយប្រតិបត្តិការជើងគោកកំពុងបន្ត។ទន្ទឹមនឹងនេះដែរ ក្រុម Al-Qassam Brigades ដែលជាស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ពួកគេមានការប៉ះទង្គិចគ្នាដោយហិង្សាជាមួយកងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ កងកម្លាំងតស៊ូរបស់ប៉ាឡេស្ទីនទាំងអស់ ត្រូវបានរៀបចំយ៉ាងពេញលេញ ដើម្បីប្រឈមមុខនឹងការឈ្លានពានពីអ៊ីស្រាអែល។
ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលកំពុងបន្តកើតមានបានផ្ទុះចាប់តាំងពីថ្ងៃទី ៧ ខែតុលា បានធ្វើឲ្យតំបន់ ហ្គាហ្សា ខូចខាតទាំងស្រុង។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានប៉ាឡេស្ទីន លោក Ishaq Sidr បានបញ្ជាក់ថាមានការវាយប្រហារស្ទើរតែទាំងស្រុងនៃប្រព័ន្ធអ៊ីនធឺណិតមកលើក្រុមប៉ាឡេស្ទីន និងទូរគមនាគមន៍នៅក្នុងតំបន់ហ្គាហ្សា។ ក្នុងនោះមានចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៧,៧០៣ នាក់៕