ចិន៖ លោក លី ខឺឈាង ជាអតីតនាយករដ្ឋមន្ត្រីចិន បានទទួលមរណភាពហើយ នៅថ្ងៃទី ២៧ តុលានេះ ក្នុងអាយុ ៦៨ឆ្នាំ ដោយជំងឺគាំងបេះដូង។លោក លី ខឺឈាង គឺជាបុរសខ្លាំងបំផុតទីពីរនៅក្នុងបក្សកុម្មុយនិស្តចិនដែល កំពុងកាន់អំណាចរហូតដល់លោកបានចូលនិវត្តន៍កាលពីឆ្នាំមុន។
យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានអះអាងថា លោក លី ខឺឈាង បាន "សម្រាក" ព្យាបាលជំងឺនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ក្រោយមកជំងឺបេះដូងរបស់លោកបានរើឡើងខ្លាំងរហូតបានធ្វើឲ្យលោកបាត់បង់ជីវិត។ ទូរទស្សន៍រដ្ឋ CCTV បានបញ្ជាក់ថាលោក លីបានទទួលមរណភាព កាលពីដប់នាទីរំលងអាធ្រាត្រនៅថ្ងៃ សុក្រ បើទោះបីជាមានការខិតខំប្រឹង ប្រែងដើម្បីជួយជីវិតរូបលោកក៏ដោយ ។
លោក លី ខឺឈាង ធ្លាប់ត្រូវបានគេចាត់ទុកថា ជាមេដឹកនាំកំពូលដ៏មានសក្តានុពលនៃបក្សកុម្មុយនិស្តចិន។ លោកត្រូវបានលោក ស៊ី ដណ្តើមអំណាច បានក្នុងការបោះឆ្នោតហើយបានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសចិន នៅក្នុងឆ្នាំ ២០១៣។
លោក លី ខឺឈាង ជាបណ្ឌិតផ្នែកសេដ្ឋកិច្ច បានធ្វើជាគំរូដល់ជំនាន់មេដឹកនាំចិនដែលមានការអប់រំខ្ពស់ ដែលបានកើនឡើងយ៉ាងឆាប់រហ័សក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និងឆ្នាំ ១៩៩០ នៅពេលដែលជំនាន់របស់ ម៉ៅ សេទុង រសាត់បាត់ពីនយោបាយ។
លោក លី កើតនៅខេត្ត Anhui ភាគខាងកើតប្រទេសចិន និង បានសិក្សាផ្នែកច្បាប់ និង សេដ្ឋកិច្ចនៅសកលវិទ្យាល័យ Peking ជាកន្លែងដែលលោកបានសិក្សារៀនសូត្រជាមួយនិស្សិតសេរីនិយម ដែលក្រោយមកបានចូលខ្លួនទៅក្នុងចលនា គាំទ្រលទ្ធិប្រជាធិបតេយ្យឆ្នាំ ១៩៨៩។ ប៉ុន្តែលោក លី បានជ្រើសរើសផ្លូវមួយទៀត គឺឡើងកាន់អំណាចតាមរយៈកុម្មុយនិស្ត។
លោក លី ខឺឈាង បានបម្រើការជាមេដឹកនាំខេត្ត ហើយត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់ ហ៊ូ ជីនតាវ ដែលជាមេដឹកនាំចិនដែលបានកាន់អំណាចតាមរយៈសម្ព័ន្ធយុវជនផងដែរ៕