បន្ទាយមានជ័យ៖ បុរសម្នាក់ បានដើរចូលក្នុងព្រៃ ដើម្បីបេះបន្លែ បន្ទាប់ពីហូបបាយថ្ងៃត្រង់រួច ប៉ុន្ដែជាអកុសល បុរសរូបនោះបានជាន់មីនផ្ទុះ បណ្ដាលឱ្យរងរបួសជើងធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងនៅបន្ទាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ តុលា វេលាម៉ោង១:២១រសៀល។
បុរសម្នាក់ដើរចូលព្រៃបេះបន្លែ បន្ទាប់ពីហូបបាយថ្ងៃត្រងរួច ប៉ុន្ដែជាអកុសលបុរសរូបនោះ បានជាន់មីនផ្ទុះ បណ្ដាលឱ្យរងរបួសធ្ងន់។ ជនរងគ្រោះ ត្រូវបានកងកម្លាំងនគរបាលការពារព្រំដែន និងកម្លាំងយោធាជួយសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។ ជនរងគ្រោះមានឈ្មោះ ចន ជុង ភេទប្រុស ឣាយុ ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក មុខរបរជាកសិករ ។
នៅមុនពេលកើតហេតុ ក្រោយបាយថ្ងៃត្រង់រួចជនរងគ្រោះបានឆ្លៀតដើររកបេះបន្លែក្នុងព្រៃ ដកផ្សិត និងជីកទំពាំង ក៏បានជាន់មីនផ្ទុះបណ្តាលឲ្យដាច់ជើងឆ្វេង។ ក្រោយពីបានឮសំឡេងផ្ទុះមីន កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរសាយ បានសហការជាមួយកម្លាំងយោធា (ក.អ.ធ.ទី១សឹករងស្រុកថ្មពួក) ចុះទៅពិនិត្យកន្លែងមីនផ្ទុះ និងបានចូលទៅជួយសង្គ្រោះ ពលរដ្ឋរងគ្រោះដោយនាំគ្នាយកអង្រឹងសែងដាក់រថយន្តបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ហើយបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង។
ករណីគ្រោះថ្នាក់មីននេះ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនដើររកអនុផលព្រៃឈើកុំឲ្យចូលព្រៃដែលសង្ស័យថា មានមីនឬក៏មានស្លាកសញ្ញាគ្រោះថ្នាក់ឲ្យសោះនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឬក៏រងរបួសជាដើម៕