ភ្នំពេញ៖ ក្រុមព្រះសុរិយា នាថ្ងៃទី១-៤ វិច្ឆិកា នឹងប្រារព្ធកម្មវិធីមួយម៉ឺនអាល័យ លើកទី៧ ក្រោមប្រធានបទ «អបអរសារទខួបលើកទី៧០» ដើម្បីអបអរសាទរខួបលើកទី៧០ ទិវាឯករាជ្យជាតិ ០៩វិច្ឆកា ១៩៥៣ និង ខួប៧០ព្រះវស្សារបស់ ព្រះមហាក្សត្រ នរោត្តម សីហមុនី។ កម្មវិធីមួយម៉ឺនអាល័យ នឹងប្រារព្ធនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីម៉ោង ៨:០០ព្រឹក - ៨:០០យប់។
កម្មវិធីមួយម៉ឺនអាល័យ មានគោលបំណងបណ្តុះស្មារតីរបស់យុវជនសម័យថ្មី ឱ្យចេះស្រឡាញ់ គោរព ដឹងគុណចំពោះបុព្វបុរសខ្មែរ និងព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ មិនតែប៉ុណ្ណោះ ថែមទាំងចង់ផ្សព្វផ្សាយភាពយន្តខ្មែរ ដែលសល់ពីរបបខ្មែរក្រហម ឱ្យមហាជន និងយុវជនបានទស្សនា សិក្សាស្វែងយល់ពីបទពិសោធជីវភាព ការរស់នៅ សេដ្ឋកិច្ច វប្បធម៌ សិល្បៈ សីលធម៌ របស់ប្រជារាស្ត្រតាមរយៈភាពយន្ត។
កម្មវិធីនេះ នឹងបង្ហាញពីការបញ្ចាំងភាពយន្តខ្មែរដែលសល់ពីសង្រ្គាម ចម្រៀងច្រៀងសរសើ និងថ្វាយព្រះរាជល័យ ពីសង្គមរាស្ត្រនិយម និងចម្រៀងតែងនិពន្ធថ្មី ចម្រៀងថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការបញ្ចាំងភាពយន្តឯកសារក្នុងការទាមទារឯករាជ្យ។ បន្ថែមពីនេះ មានការតាំងពិព័រណ៍ស្តីពីព្រះរាជបេសកម្មក្នុងការទាមទារ ឯករាជ្យជាតិ ការតាំងពិព័រណ៍ស្តីពី ព្រះរាជបេសកកម្ម ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា ផ្សារសិប្បកម្មផលិតផលខ្មែរ មកពីខេត្តសៀមរាប និងរាជធានីភ្នំពេញ ព្រមទាំងមានមហោស្រពចាប៉ីដងវែង និងមហោស្រពអាហារបួសផងដែរ៕