(ភ្នំពេញ)៖ លោក ជួន ចាន់ភារុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៏ នៃក្រសួងព័ត៌មាន នៅថ្ងៃទី ២៣ តុលានេះ បានដឹកនាំគណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជា ចំនួន៧ ស្ថាប័ន ទៅកាន់ខេត្តក្វាងស៊ីប្រទេសចិន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ "2023 Foreign Media Views Guangxi"។
លោក ជួន ចាន់ភារុណ យល់ឃើញថា ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន និងចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រជាជនចិន ហើយលោកសង្ឃឹមថាដំណើរទៅកាន់ខេត្តក្វាងស៊ីលើកនេះ នឹងពង្រឹងទំនាក់ទំនងរវាងប្រព័ន្ធផ្សព្វផ្សាយធំៗរបស់កម្ពុជា ជាមួយនឹងក្វាងស៊ី និង ស្ថាបន័ព័ត៌មានប្រទេសអាស៊ានដទៃទៀត ។
តាមរយៈដំណើរទស្សនកិច្ចទៅកាន់ខេត្តក្វាងស៊ីលើកនេះ លោករំពឹងថា នឹងបានរៀនសូត្រពីបទពិសោធន៍នៃការអភិវឌ្ឍន៍របស់ខេត្តក្វាងស៊ី ហើយនឹងឆ្លៀតយកឱកាសនេះផងដែរ ដើម្បីផ្សព្វផ្សាយអោយប្រព័ន្ធផ្សព្វផ្សាយពីប្រទេសចិន និង អាស៊ាន អោយកាន់តែចាប់អារម្មណ៌មកលើប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរចិននិងពីបណ្តារប្រទេសអាស៊ានមកទស្សនាប្រទេសកម្ពុជា។
អមដំណើរលោកអគ្គនាយករង លោក ជួន ចាន់ភារុណ ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តក្វាងស៊ី រួមទាំងលោកផ្លុង វិចិត្រ ស្ថាបនិក និង អគ្គនាយកនៃសារព័ត៌មាន «The Cambodia China Times»(ហៅកាត់ ស៊ីស៊ីថាមស៍) ; លោកវ៉ាន់ សារាយ អគ្គនាយករងសារព័ត៌មាន Fresh News ; លោក សារ៉ាយ ច័ន្ទតារា និពន្ធនាយកសារព័ត៌មាននគរវត្ត ; ជីព ចិត្ត និពន្ធនាយកវិបសាយ Kanha របស់ Sabay ;លោក មៃ សុខលីម និពន្ធនាយកកម្ពុជាថ្មី ; លោកស្រី ឈ យូរលី អគ្គនិពន្ធនាយករងអង្គភាពព័ត៌មាន «The Cambodia China Times» និង អង្គភាពព័ត៌មានThe Commercial News ;លោក ផាត ច័ន្ទណា ប្រធានផ្នែកវីដេអូអង្គភាពព័ត៌មាន «The Cambodia China Times» ព្រមទាំងលោក Yang Qiang ប្រធានសាខា ទីភ្នាក់ងារព័ត៌មាន China News Service ប្រចាំប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍"2023 Foreign Media Views Guangxi" នឹងប្រារព្ធឡើងនៅខេត្តក្វាងស៊ីប្រទេសចិន ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែតុលា កម្មវិធីនេះរៀបចំដោយនាយកដ្ឋានឃោសនានៃគណៈកម្មាធិការតំបន់ស្វយ័ត ខេត្តក្វាងស៊ី និង ទីភ្នាក់ងារព័ត៌មាន China News Service ប្រចាំងខេត្តក្វាងស៊ី ។ ក្រៅពីសារព័ត៌មានល្បីពីប្រទេសកម្ពុជា ក៏មានតំណាងសារព័ត៌មានជាច្រើនផ្សេងទៀតមកពីបណ្តាប្រទេសអាស៊ានចូលរួមផងដែរ ។