ភ្នំពេញ៖ ការចូលរួមរបស់ស្ដ្រីនៅក្នុងវិស័យបច្ចេកវិទ្យានៅមានកម្រិត បើធៀបជាមួយបុរស ខណៈពេលស្ដ្រីក៏មានទេពកោសល្យ និងសក្ដានុពល នៅក្នុងការចូលរួមអភិវឌ្ឍវិស័យបច្ចេកវិទ្យា។ មិនតែប៉ុណ្ណោះ សព្វថ្ងៃនេះ នៅក្នុងវិស័យបច្ចេកវិទ្យាកម្ពុជា មានតម្រូវការផ្នែកធនធានមនុស្សច្រើន ប៉ុន្ដែការចូលរួមរបស់ស្ដ្រីនៅកម្ពុជា ក៏នៅតែមានកម្រិតនៅឡើយ។ តើមានឧបសគ្គអ្វីខ្លះ ដែលរារាំងស្ដ្រីនូវក្នុងការចូលរួមនៅក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា?
បើតាមប្រសាសន៍របស់បណ្ឌិត ព្រហ្ម សុភា ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យខេមតិច បានប្រាប់ស៊ីស៊ីថាមស៍ថា ការចូលរួមរបស់ស្ដ្រីនៅក្នុងវិស័យបច្ចេកវិទ្យា មានសារៈសំខាន់ណាស់ ពិសេសស្ដ្រីក៏ជាផ្នែកមួយដែលជួយឱ្យសេដ្ឋកិច្ចនៅកម្ពុជាដំណើរការ ដោយប្រើប្រាស់បច្ចេកវិទ្យា។ ប៉ុន្ដែការចូលរួមរបស់ស្ដ្រីនៅក្នុងវិស័យមួយនេះនៅមានកម្រិត បើទោះបីជានៅកម្ពុជា មានតម្រូវការផ្នែកធនធានមនុស្ស នៅក្នុងវិស័យនេះច្រើនក៏ដោយ។
ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យខេមតិច បានបន្ដថា កត្តាសង្គម និងការគិតរបស់ស្ដ្រីខ្លួនឯង ជាឧបសគ្គរារាំងស្ដ្រីនូវក្នុងការចូលរួមវិស័យបច្ចេកវិទ្យានៅកម្ពុជា។ សង្គម តែងគិតថាស្ដ្រីមិនគួររៀនបច្ចេកវិទ្យា ដោយសារបច្ចេកវិទ្យា ជាមុខវិជ្ជារបស់បុរស។ ជាពិសេស ឪពុកម្ដាយ ឬអាណាព្យាបាល គិតថាស្ដ្រីនៅតាមខេត្តមិនគួរបន្ដការសិក្សានៅទីក្រុង ដោយពួកគេគិតពីបញ្ហាសុវត្ថិភាព និង មានគំនិតគិតថា កូនស្រីមិនគួរដើរឆ្ងាយពីផ្ទះ។
បណ្ឌិត ព្រហ្ម សុភា បានឱ្យដឹងទៀតថា ស្ដ្រីភាគច្រើនជឿទៅលើការគិតរបស់សង្គម នៅពេលដែលពួករៀបចប់វិទ្យាល័យ ពួកគេមិនគួរចេញឆ្ងាយពីផ្ទះ និងអ្នកខ្លះបានបន្ដការសិក្សា ប៉ុន្ដែមិនសិក្សាផ្នែកបច្ចេកវិទ្យា ដោយសារពួកគេគិតថា បច្ចេកវិទ្យាជាមុខវិជ្ជារបស់បុរស ប៉ុន្ដែបើត្រឡប់ទៅមើលប្រវត្តិសាស្ដ្រវិញ មនុស្សដំបូងគេដែលសរសេរកម្មវិធី (programming) គឺជាស្ដ្រី និងមានស្ដ្រីជាច្រើនទៀត ដែលធ្វើគម្រោងផ្សេងៗ ទទួលជោគជ័យ ដោយប្រើប្រាស់បច្ចេកវិទ្យា។
បណ្ឌិត ព្រហ្ម សុភា បាននិយាយទៀតថា គ្រប់គ្នាគួរតែបោះចោលនៅគំនិត ដែលថាស្ដ្រីមិនគួររៀនបច្ចេកវិទ្យា ហើយអាចសាកល្បងចាប់យកបច្ចេកវិទ្យា បើសិនជាស្រឡាញ់ និងចូលចិត្តបច្ចេកវិទ្យា។ បន្ថែមពីនេះ ដើម្បីដោះស្រាយនូវឧបសគ្គ ដែលរារាំងស្ដ្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យា គឺត្រូវលើកកម្ពស់ការយល់ដឹង ផ្ដល់ព័ត៌មានឱ្យបានច្រើនទៅដល់សិស្សានុសិស្ស ពិសេសទៅដល់ឪពុកម្ដាយ ដើម្បីឱ្យពួកគេយល់ថាស្ដ្រីគឺអាចរៀនបច្ចេកវិទ្យា និងអាចជោគជ័យនៅក្នុងវិស័យបច្ចេកវិទ្យាបានដូចគ្នា។
លើសពីនេះ វិស័យអប់រំ គួរតែមានវេទិកាមួយដើម្បីជួយគាំទ្រដល់ស្ដ្រីនៅក្នុងវិស័យបច្ចេកវិទ្យា តួយ៉ាងដូចនៅសាកលវិទ្យាល័យខេមតិច គឺតែងផ្ដល់ឱកាសដល់ស្ដ្រីដែលចង់រៀនបច្ចេកវិទ្យា តាមរយៈអាហារូបករណ៍ ក៏ដូចជាផ្ដល់អាទិភាពពិសេសដល់ស្ដ្រីដែលចង់រៀនបច្ចេកវិទ្យានេះ។ ជាមួយគ្នានោះ មិនថា វិស័យអប់រំ វិស័យឯកជន និងរដ្ឋាភិបាល គួរជួយលើកកម្ពស់ ក៏ដូចជាគាំទ្រស្ដ្រីដែលចង់រៀនបច្ចេកវិទ្យា ហើយអត់មានលទ្ធភាព ពិសេសស្ដ្រីដែលចង់រៀន ប៉ុន្ដែសង្គមគិតថាពួកគេមិនគួររៀនជំនាញបច្ចេកវិទ្យាទៅវិញ។ ដូច្នេះទាំងវិស័យអប់រំ វិស័យឯកជន និងរដ្ឋាភិបាល គួរតែចែករំលែកចំណេះដឹងឱ្យបានទូលំទូលាយ គាំទ្រតាមលទ្ធភាពផ្សេងៗដូចជាការផ្ដល់អាហារូបករណ៍បន្ថែមទៅលើស្ដ្រី ការផ្ដល់ឱកាសការងារដល់ស្ដ្រី ក៏ដូចជាបង្កើតឱ្យមានគោលគារណ៍មួយដើម្បីគាំទ្រឱ្យស្ដ្រីចូលរួមនៅក្នុងវិស័យបច្ចេកវិទ្យាបានកាន់តែច្រើន៕