មណ្ឌលគិរី៖ ដំរីញីឈ្មោះ «សំបូរ» ដែលគេស្គាល់ថាជាដំរីវត្តភ្នំ បានស្លាប់កាលពីថ្ងៃទី១៩ ខែតុលា ក្នុងអាយុ៦៣ឆ្នាំ ក្រោយការចូលនិវត្តន៍ពីសេវាកម្មទេសចរណ៍បាន៩ឆ្នាំ។ បើតាមការចុះផ្សាយរបស់គម្រោងជ្រលងសត្វដំរី(EVP) ដំរីញីនេះបានស្លាប់ ដោយសារតែជំងឺធ្មេញ ហើយបានធ្វើឱ្យសុខភាពចុះទ្រុឌទ្រោមយ៉ាងខ្លាំងនារយៈពេល១ខែចុងក្រោយនេះ។
គួររម្លឹកថា ដំរីញីឈ្មោះ «សំបូរ» ជាដំរីដ៏ល្បីល្បាញដែលបម្រើសេវាកម្មទេសចរណ៍នៅរមណីយដ្ឋានវត្តភ្នំ។ ក្រោយការចូលនិវត្តន៍ពីសេវាកម្មទេសចរណ៍ ចាប់តាំងពីឆ្នាំ២០១៤មក សំបូររស់ក្រោមការមើលថែរបស់អង្គការថែរក្សាសត្វដំរីស្រុក(Elliy)ដែលមានទីតាំងនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕