ចិន៖ ជំទាវទីមួយក្នុងប្រទេសចិន លោកស្រី Peng Liyuan ភរិយារបស់ប្រធានាធិបតីចិន Xi Jinping បានអញ្ជើញភរិយារបស់មេដឹកនាំបរទេសដែលចូលរួមក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRF) លើកទីបីទៅកាន់សារមន្ទីរសិល្បៈ និងសិប្បកម្មជាតិចិនដែលជាសារមន្ទីរបេតិកភណ្ឌវប្បធម៌អរូបីរបស់ចិនមានអាយុកាលជាច្រើនឆ្នាំ។
ភរិយារបស់បណ្តាលមេមេដឹកនាំបរទេសជាច្រើនរូបបានចូលរួមជាមួយលោកស្រី Peng ក្នុងការទស្សនាការតាំងពិពណ៌របស់សារមន្ទីរស្តីពីសិប្បកម្មសិល្បៈចិន អ្នកទាំងអស់គ្នាបានកោតសរសើរដល់ស្នាដៃសិល្បៈដ៏ប្រណិតពីសំណាក់អ្នកទទួលមរតកវប្បធម៌អរូបី និងទស្សនាការសម្តែងចម្រៀងប្រជាប្រិយរបស់កូនក្រុមជនជាតិភាគតិច Dong មកពីខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន។
លោកស្រី Peng និងភ្ញៀវទាំងអស់ក៏បានស្តាប់ការណែនាំអំពីវប្បធម៌ ល្ខោនបុរាណចិន និងសិល្បៈ guqin របស់ចិន ហើយរីករាយនឹងការសំដែងសិល្បៈជាបន្តបន្ទាប់ រួមទាំងការសម្តែងល្ខោនបុរាណចិនថែមទៀតផង។
លោកស្រី Peng បានគូសបញ្ជាក់ថាវប្បធម៌គឺជាចំណងខាងវិញ្ញាណនៃឯកភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដែលចូលរួមក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ។ លោកស្រីបន្តថាវប្បធម៌ត្រូវបានពង្រឹងដោយការផ្លាស់ប្តូរ ខណៈដែលអរិយធម៌ត្រូវបានពង្រឹងដោយការរៀនសូត្រគ្នាទៅវិញទៅមក។លោកស្រី Peng បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជន បន្តទំនាក់ទំនងមិត្តភាពពីមួយជំនាន់ទៅមួយជំនាន់ និងសម្រេចបាននូវការអភិវឌ្ឍន៍រួម។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានប្រកាសដាក់ចេញដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីឆ្នាំ២០១៣ គោលបំណងជ្រោងទង់អភិវឌ្ឍន៍ដោយសន្តិភាព អភិវឌ្ឍយ៉ាងសកម្មនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ព្រមទាំងរួមគ្នាកសាងសហគមន៍ផលប្រយោជន៍រួម សហគមន៍ជោគវាសនារួម និងសហគមន៍ទំនួលខុសត្រូវរួម ដែលមានទំនុកចិត្តខាងនយោបាយទៅវិញទៅមក ធ្វើសមាហរណកម្មសេដ្ឋកិច្ច និងមានភាពបរិយាប័ន្នផ្នែកវប្បធម៌៕