Cctimesw1140xh150cm copy

ស៊ីជិនភីងស្វាគមន៍ថ្នាក់ដឹកនាំចូលរួមកម្មវិធី«ខ្សែក្រវ៉ាត់ និង ផ្លូវ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រធានាធិបតីចិនលោក ស៊ីជិនភីង និង ភរិយារបស់លោក គឺលោកស្រី Peng Liyuan បានរៀបចំពិធីជប់លៀងស្វាគមន៍នៅទីក្រុងប៉េកាំង កាលពីល្ងាចថ្ងៃអង្គារ សម្រាប់ភ្ញៀវដែលចូលរួមក្នុងវេទិកា«ខ្សែក្រវ៉ាត់និងផ្លូវ»លើកទីបីសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRF) ។ លោកស៊ី និង ភរិយារបស់លោកបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមេដឹកនាំបរទេសជាច្រើនរូបដែលកំពុងមានវត្តមានក្នុងកម្មវិធីខួប១០ឆ្នាំនៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវដោយលោកស៊ីជិនភីង។

លោក ស៊ី បានថ្លែងក្នុងកម្មវិធីថា ចាប់តាំងពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ត្រូវបានបង្កើតឡើងកាលពីដប់ឆ្នាំមុន ប្រទេសចិន និង ដៃគូ BRI បានធ្វើការរួមគ្នាដើម្បីលើកកម្ពស់ស្មារតីផ្លូវនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ ការបើកចំហ និងបរិយាប័ន្ន ការរៀនសូត្រគ្នាទៅវិញទៅមក និង ផលប្រយោជន៍ទៅវិញទៅមក រួមចំណែកដល់ពិភពលោកនិង ការតភ្ជាប់ កសាងវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ និងបន្ថែមសន្ទុះដល់កំណើនសេដ្ឋកិច្ចពិភពលោក។ លោកអះអាងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវបានផ្តល់នូវគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាច្រើន ហើយសម្រេចបានលទ្ធផលដ៏រឹងមាំ និងគួរឱ្យកត់សម្គាល់ជាខ្លាំង។

បើតាមប្រធានាធិបតីចិន កិច្ចសហប្រតិបត្តិការ BRI ស្ថិតក្នុងដំណាក់កាលសំខាន់របស់ខ្លួន បន្ទាប់ពីទសវត្សរ៍ដ៏ខ្លាំងក្លា ហើយកំពុងឆ្ពោះទៅរកទសវត្សរ៍មាសបន្ទាប់។លោក ស៊ី បានចង្អុលបង្ហាញថា ពិភពលោកសព្វថ្ងៃនេះមិនមានសន្តិភាពទេ ដោយសារតែសម្ពាធធ្លាក់ចុះកំពុងកើនឡើងឆ្ពោះទៅរកសេដ្ឋកិច្ចពិភពលោក ហើយការអភិវឌ្ឍន៍សកលលោកកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួន។

បន្ទាប់ពីពិធីជប់លៀងបានបិតបញ្ចប់ ភ្ញៀវកិត្តិយសដែលមានវត្តមាន អមដំណើរដោយលោក ស៊ី និងភរិយាលោក បានទស្សនាការសម្តែងសិល្បៈដែលផ្តោតលើការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌ចម្រុះពណ៌ និងវប្បធម៌ដ៏អស្ចារ្យនៃប្រទេសដែលចូលរួមកម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវ។

កម្មវិធីខ្សែក្រវ៉ាត និងផ្លូវដែលកំពុងតែប្រារព្ធនៅក្នុងប្រទេសចិន គឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់បំផុតដែលរៀបចំដោយប្រទេសចិនរហូតមកដល់ពេលនេះនៅឆ្នាំនេះ និងជាពិធីអបអរសាទរដ៏សំខាន់បំផុតសម្រាប់ខួបលើកទី 10 នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង