អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ចូបៃដិន ត្រៀមធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងការបង្ហាញពីការគាំទ្ររបស់សហរដ្ឋអាម៉េរិក ដើម្បីដោះស្រាយទៅលើបញ្ហាដែលកំពុងកើនឡើងនៅក្នុងតំបន់ Gaza ដែលកំពុងមានជម្លោះកាន់តែខ្លាំង។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken អះអាងថា ការធ្វើដំណើរទស្សនកិច្ចនេះ ជាការពង្រឹងនៃសាមគ្គីភាពជាមួយអ៊ីស្រាអែល និងការប្តេជ្ញាចំពោះសន្តិសុខអ៊ីស្រាអែល។ ដំណើរទស្សនកិច្ចរបស់លោក បៃដិន គឺព្យាយាមបញ្ចៀសនូវជម្លោះនៅក្នុងតំបន់ជាមួយក្រុមហាម៉ាស ដែលមានការគាំទ្រពីអ៊ីរ៉ង់។
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយថា លោក Biden នឹងធ្វើទស្សនកិច្ចនៅទីក្រុង Tel Aviv ។ បន្ទាប់ពីអ៊ីស្រាអែល លោក បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសហ្ស៊កដានី ដែលជាកន្លែងដែលលោកនឹងជួបជាមួយស្តេចហ្សកដានី Abdullah II មេដឹកនាំប៉ាឡេស្ទីន Mahmud Abbas និងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi។
ការវាយប្រហារតាមអាកាសបានធ្វើឱ្យមនុស្សនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានសម្លាប់ជាង ២,៧៥០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ហើយការទម្លាក់គ្រាប់បែកជាច្រើន បានបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទៅកាន់ភាគខាងត្បូងនៃតំបន់ ចាប់តាំងពីជម្លោះរយៈពេល ១០ ថ្ងៃបានចាប់ផ្តើម។ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថានៅក្នុងប្រទេសអ៊ីស្រាអែលមានមនុស្សប្រហែល ៥០០,០០០ នាក់ ត្រូវបានផ្លាស់ទីលំនៅ ឬជម្លៀសចេញពីសហគមន៍ជុំវិញតំបន់ហ្គាហ្សាស្ទ្រីប និងព្រំដែនភាគខាងជើងរបស់ប្រទេសអ៊ីស្រាអែលជាមួយប្រទេសលីបង់៕