អ៊ីស្រាអែល៖ ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលកំពុងបន្តបានឈានចូលដល់ថ្ងៃទី ១០ សង្រ្គាមត្រឹម១០ថ្ងៃបានសម្លាប់មនុស្សជាង ៤ ២០០ នាក់ទាំងនៅអ៊ីស្រាអែល និងតំបន់ហ្កាហ្សា។អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃចន្ទថា ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ២,៨៣៧ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយអ៊ីស្រាអែលនឹងជាង ១១,២៥០ នាក់បានរងរបួស។ យោងតាមអាជ្ញាធរប៉ាឡេស្ទីនបានអះអាងថាចំនួនសរុបរួមមានអ្នកស្លាប់ចំនួន ២,៧៧៨ នាក់ និងរបួសប្រហែល ១០,០០០នាក់នៅតំបន់ Gaza។
ចំណែកប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅខាងអ៊ីស្រាអែលបានកើនឡើងដល់ជាង ១.៤០០ នាក់ និងរបួស ៣.៩៦៨ នាក់។ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបន្តនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃចន្ទជាមួយនឹងការបំផ្ទុះគ្រាប់បែកនៅក្នុងតំបន់ជាច្រើន។ យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើជំរុំជនភៀសខ្លួនក្នុងតំបន់ Nusairat នៅភាគកណ្តាល Gaza ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៨ នាក់បានស្លាប់។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានសម្លាប់មន្ត្រីជាន់ខ្ពស់របស់ហាម៉ាសពីរនាក់ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសកាលពីថ្ងៃចន្ទ។
យោធាអ៊ីស្រាអែលបានប្រកាសកាលពីព្រឹកថ្ងៃអង្គារថា ការវាយប្រហារតាមផ្លូវអាកាសពេលយប់នៅតំបន់ហ្គាហ្សាស្ទ្រីបបានសម្លាប់លោក Osama al-Muzaini ដែលជាមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសម្នាក់។ ការវាយប្រហារតាមអាកាសកាលពីថ្ងៃច័ន្ទក៏បានសម្លាប់ប្រធានតំបន់នៃផ្នែកស៊ើបការណ៍សម្ងាត់របស់ក្រុមហាម៉ាសផងដែរ។មកទល់ពេលនេះ ក្រុមហាម៉ាស់នៅមិនទាន់ចេញការឆ្លើយតបទាក់ទងនឹងការអះអាងទាំងនេះដោយអាជ្ញាធរអ៊ីស្រាអែលទេ។
ក្រុងហ្សេរុយសាឡឹម និងក្រុងតែល អាវីវ បានស្ថិតក្រោមការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅរសៀលថ្ងៃចន្ទ ដោយបានបង្កសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស។ ការវាយប្រហារដោយគ្រាប់រ៉ុក្កែតបានកើតឡើងស្របពេលជាមួយនឹងការបើកសម័យប្រជុំរដូវរងានៃសភាអ៊ីស្រាអែលក្នុងទីក្រុងហ្សេរុយសាឡឹម។
នៅល្ងាចថ្ងៃច័ន្ទ បក្សពួកប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស ដែលត្រូវបានគេស្គាល់ថាជាកងពលតូចអាល់កាសាម បានអះអាងថាខ្លួនបានបាញ់រ៉ុក្កែតជាង ១០០ គ្រាប់ទៅកាន់ទីតាំងជាច្រើន រួមទាំងទីក្រុង Tel Aviv ទីក្រុង Jerusalem ទីក្រុង Beersheba និង Ashkelon របស់ប្រទេសអ៊ីស្រាអែលផងដែរ៕