រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាសប្តាហ៌នេះនឹងជួបជាមួយមេដឹកនាំចិនលោកស៊ីជិនភីង នៅទីក្រុងប៉េកាំង ក្នុងដំណើរទស្សនកិច្ច ដែលបញ្ជាក់ពីការគាំទ្រផ្នែកសេដ្ឋកិច្ច និងការទូតរបស់ចិន សម្រាប់ទីក្រុងមូស្គូ ក្នុងអំឡុងសង្រ្គាមនៅអ៊ុយក្រែនដែលបានចាប់ផ្តើមជាង២ឆ្នាំ។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅក្រៅប្រទេសលើកដំបូងក៏ជាការបង្ហាញពីការគាំទ្រដល់ការជំរុញខ្សែក្រវាត់ និងផ្លូវហត្ថលេខីរបស់មេដឹកនាំចិន ស៊ីជិនភីង ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកឥទ្ធិពលនៅបរទេសរបស់ចិន។ មេដឹកនាំរុស្ស៊ីនឹងស្ថិតក្នុងចំណោមភ្ញៀវកិត្តិយសខ្ពស់បំផុតនៅឯការជួបជុំមួយដែលប្រារព្ធខួបលើកទី ១០ នៃការប្រកាសគោលនយោបាយរបស់លោក ស៊ី ដែលមានប្រទេសជាច្រើនដូចជា Zambia និង Sri Lanka ជំពាក់បំណុលចិនជាច្រើន បន្ទាប់ពីពួកគេបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិនក្នុងការសាងសង់ផ្លូវ អាកាសយានដ្ឋាន និង ការងារសាធារណៈផ្សេងទៀត។
ដំណើរទស្សនកិច្ចរបស់លោក ពូទីន មិនត្រូវបានគេបញ្ជាក់ការមកដល់ប្រទេសចិនរបស់លោកទេ ប៉ុន្តែមន្ត្រីចិនបានអះអាងថា លោកនឹងមកដល់ប្រទេសចិននៅល្ងាចថ្ងៃចន្ទ។ លោក ពូទីន បាននិយាយថា កិច្ចប្រជុំនឹងរួមបញ្ចូលកិច្ចពិភាក្សាស្តីពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ដែល ទីក្រុងម៉ូស្គូចង់ភ្ជាប់ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយសម្ព័ន្ធមិត្តសេដ្ឋកិច្ចនៃបណ្តាប្រទេសអតីតសហភាពសូវៀតដែលភាគច្រើនមានទីតាំងនៅអាស៊ីកណ្តាល។
លោក ពូទីន បានកត់សម្គាល់ថា លោក និងលោក ស៊ី ក៏នឹងពិភាក្សាអំពីការកើនឡើងនៃទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងផងដែរ។លោកពូទីនបាននិយាយថា "ផ្នែកសំខាន់មួយគឺទំនាក់ទំនងហិរញ្ញវត្ថុ និងការបង្កើតការលើកទឹកចិត្តបន្ថែមទៀតសម្រាប់ការទូទាត់ជារូបិយប័ណ្ណជាតិ"។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានប្រកាសដាក់ចេញដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីឆ្នាំ២០១៣ គោលបំណងជ្រោងទង់អភិវឌ្ឍន៍ដោយសន្តិភាព អភិវឌ្ឍយ៉ាងសកម្មនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ព្រមទាំងរួមគ្នាកសាងសហគមន៍ផលប្រយោជន៍រួម សហគមន៍ជោគវាសនារួម និងសហគមន៍ទំនួលខុសត្រូវរួម ដែលមានទំនុកចិត្តខាងនយោបាយទៅវិញទៅមក ធ្វើសមាហរណកម្មសេដ្ឋកិច្ច និងមានភាពបរិយាប័ន្នផ្នែកវប្បធម៌៕