អ៊ីស្រាអែល៖ មនុស្សជាង ២០០០ នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះចុងក្រោយបង្អស់រវាងក្រុមអ៊ីស្លាមប៉ាឡេស្ទីន Hamas និងអ៊ីស្រាអែល នេះបើយោងតាមទិន្នន័យចុងក្រោយដែលបានចេញផ្សាយនៅថ្ងៃអង្គារទី ១០ តុលានេះ។អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថាមនុស្ស ៦៨៧ នាក់បានស្លាប់នៅក្នុងជម្លោះ ហើយមនុស្សជាង ៣,៧២៦ នាក់បានរងរបួស។ លើសពីនេះ ជនជាតិប៉ាឡេស្ទីន ១៧នាក់បានស្លាប់ និង ៩០នាក់ផ្សេងទៀតរងរបួស នៅក្នុងតុះតំបន់ West Bank។ ក្នុងនោះក៏ជនជាតិអ៊ីស្រាអែលចំនួន ៩០០ នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះ ហើយអាជ្ញាធរសុខាភិបាលអ៊ីស្រាអែលកាលពីថ្ងៃចន្ទបានរាយការណ៍ថាយ៉ាងហោចណាស់ជនជាតិអ៊ីស្រាអែលចំនួន ២.៦១៦ នាក់បានរងរបួស។
ចាប់ពីចុងថ្ងៃអាទិត្យ ដល់ដើមថ្ងៃច័ន្ទ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងគោលដៅជាច្រើននៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីតកម្ទេចទីតាំងរបស់ក្រុមហាម៉ាស។ តំបន់ជាច្រើនរួមមាន Nablus, Tubas និង Hebron និង West Bank សុទ្ធតែរងការវាយប្រហារ។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ីស្រាអែលបានបញ្ចប់ការជម្លៀសជនស៊ីវិលដែលរស់នៅជិតតំបន់ហ្គាហ្សាស្ទ្រីបរួចហើយ។ កងកម្លាំងអ៊ីស្រាអែលក៏បានដាក់ពង្រាយរថក្រោះ និងប្រព័ន្ធការពារដែនអាកាសនៅតាមព្រំដែនជាមួយតំបន់ហ្គាហ្សាស្ទ្រីប ហើយនឹងបន្តការវាយប្រហារតាមអាកាសនាពេលបច្ចុប្បន្ន។
ទន្ទឹមនឹងនេះ នាយកដ្ឋានសុខាភិបាលក្នុងតំបន់នៅតំបន់ហ្គាហ្សាស្ទ្រីបបានចោទប្រកាន់អ៊ីស្រាអែលថាបានវាយលុកកន្លែងពេទ្យ និងជំរុំ Jabalia និងបណ្តាលឱ្យមានអ្នកស្លាប់ក្នុងការវាយប្រហារ។ នាយកដ្ឋានបានព្រមានអំពីស្ថានភាពធ្ងន់ធ្ងរសម្រាប់ប្រព័ន្ធសុខាភិបាលក្នុងតំបន់ ដោយសារកង្វះខាតប្រេងឥន្ធនៈ និងថ្នាំពេទ្យ ដោយជំរុញឱ្យបើកច្រករបៀងមនុស្សធម៌ ដើម្បីបញ្ជូនសម្ភារៈពេទ្យទៅកាន់មន្ទីរពេទ្យក្នុងស្រុក។
ក្រុមសកម្មប្រយុទ្ធហាម៉ាសបានបាញ់រ៉ុក្កែតរាប់រយគ្រាប់កាលពីថ្ងៃចន្ទទៅកាន់ទីក្រុងជាច្រើនរបស់អ៊ីស្រាអែល រួមទាំងទីក្រុង Tel Aviv ផងដែរ។កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាសបាននិយាយថា នឹងមិនមានការចរចាលើចំណាប់ខ្មាំងអ៊ីស្រាអែល ហើយបានគំរាមសម្លាប់ពួកគេ ប្រសិនបើអ៊ីស្រាអែលបើកការវាយប្រហារលើជនស៊ីវិលនៅតំបន់ហ្គាហ្សាប្រសិនបើអ៊ីស្រាអែលបានប៉ះពាល់ដល់ជីវិតជនជាតិប៉ាឡេស្ទីន៕