វៀតណាម៖ វៀតណាមបានប្រកាសរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ីជិនភីង ទៅកាន់ទីក្រុងហាណូយ នៅចុងខែតុលា ឬដើមខែវិច្ឆិកាជាដំណើរទស្សនកិច្ចធ្វើឡើយបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូបៃដិន ទៅវៀតណាមកាលពីខែកញ្ញា។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្រ្តដែលកំពុងកើនឡើងនៃមជ្ឈមណ្ឌលផលិតកម្មអាស៊ីអាគ្នេយ៍ ខណៈដែលមហាអំណាចធំៗ នៅក្នុងតំបន់មានភាពតានតឹងកើនឡើងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Pham Thu Hang បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា រាល់សកម្មភាពការទូតសំខាន់ៗរបស់វៀតណាម នឹងត្រូវបានប្រកាសដល់ប្រជាជនខ្លួននៅពេលដែលសមស្របអំពីដំណើរទស្សនកិច្ចរបស់លោកស៊ី។មន្ត្រីវៀតណាម បាននិយាយថា ប្រទេសចិនបានបញ្ជូនក្រុមមន្រ្តីជំនាញមួយចំនួនទៅទីក្រុងហាណូយ ដើម្បីរៀបចំកន្លែងស្នាក់នៅសម្រាប់គណៈប្រតិភូរបស់លោក ស៊ី។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី គឺស្របគ្នានឹងសម័យប្រជុំសភារយៈពេលពីរឆ្នាំរបស់វៀតណាម ដែលលោកធ្លាប់បានថ្លែង ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងហាណូយក្នុងឆ្នាំ ២០១៥។
យោងតាមរដ្ឋាភិបាលវៀតណាមគូសបញ្ជាក់ថាប្រទេសចិនគឺជាអ្នកវិនិយោគកំពូលមួយនៅក្នុងតំបន់អាស៊ីហើយចិនក៏ធ្លាប់បានប្តេជ្ញាចំណាយប្រាក់ជិត ៣ ពាន់លានដុល្លារក្នុងការវិនិយោគនៅប្រទេសវៀតណាមក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ច្រើនជាង ៦ ដងនៃសហរដ្ឋអាម៉េរិកក្នុងរយៈពេលដូចគ្នា និងសិង្ហបុរី។ វៀតណាមត្រូវបានគេមើលឃើញថាមានសារៈសំខាន់កាន់តែខ្លាំងឡើងសម្រាប់ប្រទេសមហាអំណាច ដោយសារប្រទេសនេះកំពុងពង្រីកតួនាទីរបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដល់ពិភពលោក ដោយនាំចូលគ្រឿងបន្លាស់ឧស្សាហកម្មពីប្រទេសចិនដែលខ្លួនប្រមូលផ្តុំមុនពេលនាំចេញផលិតផលសម្រេចទៅកាន់សហរដ្ឋអាម៉េរិក ឬអឺរ៉ុប។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ីជិនភីង បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមចំនួនពីរដង ជាមួយនឹងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកក្នុងឆ្នាំ ២០១៧ នៅពេលដែលលោកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកជាមួយលោក Donald Trump លោក Vladimir Putin និងមេដឹកនាំដទៃទៀត៕