វ៉ាស៊ីនតោន៖ សេតវិមានកំពុងរៀបចំផែនការសម្រាប់ជំនួបទល់មុខគ្នារវាងប្រធានាធិបតីអាម៉េរិក ចូបៃដិន និងមេដឹកនាំចិនលោក ស៊ីជិនភីង នៅទីក្រុង San Francisco នៅខែក្រោយ ខណៈដែលប្រទេសទាំងពីរស្វែងរកស្ថេរភាពទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរឲ្យបានប្រសើរជាងពេលបច្ចុប្បន្ន។យោងតាមកាសែតអាម៉េរិករ៉យទ័រដែលបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាម៉េរិកដែលមិនបញ្ចេញឈ្មោះម្នាក់បានអះអាងថាមន្រ្តីសេតវិមានកំពុងចាប់ផ្តើមដំណើរការ" នៃការរៀបចំផែនការជំនួបរវាងលោកស៊ីជិនភីង និងលោកចូបៃដិននៅខែវិច្ឆិកាខាងមុខនេះ។
ចំណែកស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានធ្វើអត្ថាធិប្បាយអ្វីពិសេសលើរបាយការណ៍របស់កាសែតអាម៉េរិកដែលបានចុះផ្សាយនោះទេ។ អ្នកនាំពាក្យរបស់ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា ប្រទេសទាំងពីរនៅតែស្ថិតក្នុងការទំនាក់ទំនងល្អ ហើយត្រូវការពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។
ថ្មីៗនេះលោក Blinken បានជួបជាមួយអនុប្រធានាធិបតីចិនលោក Han Zheng នៅទីក្រុង New York ហើយទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន Wang Yi ក្នុងប្រទេស Malta ។ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍របស់ Washington Post និង REUTERS នោះទេ។
គួរបញ្ជាក់ថាជំនួបចុងក្រោយរបស់លោក បៃដិន និងលោក ស៊ី គឺនៅក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដែលជាជំនួបផ្ទាល់លើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីលោក បៃដិន ក្លាយជាប្រធានាធិបតី។ ពីមុនមេដឹកនាំទាំងពីរមានសំណេះសំណាលជាមួយគ្នាចំនួនប្រាំដងតាមទូរស័ព្ទ និងវីដេអូសន្និសីទ បន្ទាប់ពីលោក បៃដិន ឡើងកាន់តំណែង៕