ថៃ៖ ក្រុមប៉ូលិសថៃ នៅថ្ងៃទី៥ តុលា បានចាប់ខ្លួនបុរសពីរនាក់ ដែលត្រូវបានចោទប្រកាន់ថា បានលក់កាំភ្លើងទៅឱ្យក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ ដែលបានធ្វើសកម្មភាពបាញ់ប្រហារនៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុងបាងកក ដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។ ក្មេងជំទង់ដែលបង្ករហេតុរូបនេះ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតជុំវិញការវាយប្រហារកាលពីថ្ងៃអង្គារ នៅឯផ្សារទំនើប Siam Paragon។
ក្រុមមន្រ្តីប៉ូលីសនៅក្នុងខេត្ត Yala ភាគខាងត្បូងរបស់ប្រទេសថៃបានចាប់ខ្លួនបុរសពីរនាក់ ដោយជាសង្ស័យលក់កាំភ្លើងឲ្យក្មេងប្រុសជាខ្មាន់កាំភ្លើង។មនុស្សចំនួន ៧ នាក់ត្រូវបានបាញ់សម្លាប់ ដោយមានស្ត្រីម្នាក់មកពីប្រទេសចិន និងម្នាក់ទៀតមកពីប្រទេសមីយ៉ាន់ម៉ា។ ហើយជនសង្ស័យអាយុ ១៤ ឆ្នាំត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ប្រើប្រាស់កាំភ្លើងនៅកន្លែងសាធារណៈ និងប្រើប្រាស់អាវុធគ្មានច្បាប់អនុញ្ញាត។ ក្រុមមន្ត្រីប៉ូលីសបានធ្វើតេស្តរកជំងឺវិកលចរិតទៅលើយុវជនរូបនេះ ដើម្បីមើលថាតើគេសមនឹងទទួលទោសបែបណា ខ្មាន់កាំភ្លើងរូបនេះធ្លាប់ទទួលការព្យាបាលជំងឺផ្លូវចិត្ត ប៉ុន្តែបានឈប់លេបថ្នាំ។ ការវាយប្រហារនេះបានកើតឡើងមុនថ្ងៃគម្រប់ខួបលើកទីមួយនៃការសម្លាប់រង្គាលដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រថៃសម័យទំនើប ដែលអតីតប៉ូលីសប្រដាប់ដោយកាំភ្លើង និងកាំបិតបានវាយប្រហារសាលារៀនមួយកន្លែង នៅភាគខាងជើងនៃប្រទេស ដោយបានសម្លាប់កុមារចំនួន ២៤ នាក់ និងមនុស្សពេញវ័យ ១២ នាក់។ នាយករដ្ឋមន្ត្រីថៃលោក ស្រេតថាថាវីស៊ីន កាលពីថ្ងៃពុធបានព្រមានថាលោកនឹងចាត់វិធានការបង្ការយ៉ាងតឹងរឹងបន្ថែមទៀតដល់សន្តិសុខសង្គម៕