វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានបញ្ជូនគ្រាប់រំសេវរបស់អ៊ីរ៉ង់ ជាង១លានគ្រាប់ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលត្រូវបានរឹបអូសកាលពីឆ្នាំមុន។ កងកម្លាំងទ័ពជើងទឹកអាម៉េរិក អស់រយៈពេលជាច្រើនឆ្នាំ បានរឹបអូសអាវុធជាច្រើនប្រភេទមកពីប្រទេសអ៊ីរ៉ង់។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាម៉េរិក ដែលទទួលខុសត្រូវលើប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា បាននិយាយថា គ្រាប់រំសែវប្រហែល ១.១ លានគ្រាប់ និងទំហំ ៧.៦២ មីលីម៉ែត្រត្រូវបានបញ្ជូនទៅអ៊ុយក្រែន។
យ៉ាងណាមិញគ្រាប់រំសេវទាំងនេះ ទំនងជាមិនធ្វើឱ្យមានភាពខុសគ្នាខ្លាំងនៅលើសមរភូមិរបស់អ៊ុយក្រែននោះទេ អាអ្វីដែលអ៊ុយក្រែនចង់បាននោះគឺអាវុធរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធការពារដែនអាកាសស្ថិតនៅលើកំពូលនៃបញ្ជីប្រាថ្នារបស់ខ្លួន។
កាលពីឆ្នាំមុន កងនាវាចររបស់ចក្រភពអង់គ្លេសបាននិយាយថា នាវាចម្បាំងរបស់ខ្លួនមួយបានរឹបអូសអាវុធអ៊ីរ៉ង់ រួមទាំងមីស៊ីលពីដីទៅអាកាស និងអាវុធយោធាមួយចំនួនទៀតដែលចាប់បានពីអ្នករត់ពន្ធនៅក្នុងដែនទឹកអន្តរជាតិភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់៕