ថៃ៖ ប៉ូលីសថៃបានចាប់ខ្លួនក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់បន្ទាប់ពីបើការបាញ់ប្រហារនៅផ្សារទំនើបប្រណីតមួយក្នុងរាជធានីបាងកកកាលពីល្ងាចថ្ងៃអង្គារបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ និង ៥ នាក់ទៀតរងរបួស។ ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃបានអះអាងថា អាជ្ញាធរក្នុងតំបន់បានចាប់ខ្លួនជនសង្ស័យជាមួយនឹងអាវុធមួយដើម។
ប៉ូលិសថៃ លោក Torsak Sukvimol បានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យដែលបានបើកការវាយប្រហារនោះមានបញ្ហាសុខភាពផ្លូវចិត្ត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះភ្លាមៗបន្ទាប់ពីត្រូវបានប៉ូលីសសួរចម្លើយ។ ការបាញ់ប្រហារនេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាចនៅផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក។
យោងតាមលោក Sukvimol បានឲ្យដឹងថាជនរងគ្រោះដែលស្លាប់ម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាជនជាតិមីយ៉ាន់ម៉ា។ លោកវេជ្ជបណ្ឌិត Yutthana Setthanan នាយកមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ទីក្រុងបាងកក បានឲ្យដឹងថា ពលរដ្ឋថៃ និងជនបរទេសមួយចំនួនស្ថិតក្នុងចំណោមអ្នករងរបួសនិងកំពុងត្រូវបានសង្រ្គោះបន្ទាន់៕