មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហើបថា លោកនឹងចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នៅឆ្នាំក្រោយ នេះបើតាមកាសែតរដ្ឋរុស្សី Kommersant បានរាយការណ៍នាថ្ងៃអង្គារនេះ រុស្សីទំនងជាបើកផ្លូវឱ្យប្រមុខវិមានក្រឹមឡាំងបន្តកាន់អំណាចរហូតដល់យ៉ាងហោចណាស់ឆ្នាំ ២០៣០ ។
មន្ត្រីរុស្សីរំពឹងថាលោកពូទីនអាចប្រកាសថាលោកនឹងចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីខែមីនា នេះបើតាមកាសែតរុស្សី Kommersant បានដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណជិតស្និទ្ធនឹងរដ្ឋបាលប្រធានាធិបតីរុស្សី។ វិមានក្រឹមឡាំងមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេជុំវិញការប្រកាសឈរឈ្មោះរបស់ពូទីន។លោក ពូទីន ដែលត្រូវបានតែងតាំងជាប្រធានាធិបតីដោយលោក Boris Yeltsin នៅ ឆ្នាំ ១៩៩៩ បានកាន់តំណែងជាប្រធានាធិបតីយូរជាងមេដឹកនាំរុស្សីផ្សេងទៀត។
បច្ចុប្បន្ននេះលោក ពូទីន មានអាយុ ៧១ ឆ្នាំ ស្របពេលដែលអ្នកការទូត អ្នកស៊ើបការណ៍ និងមន្ត្រីជាច្រើនរំពឹងថាលោក ពូទីន នឹងបន្តកាន់អំណាចអស់មួយជីវិតនោះ មិនទាន់មានការបញ្ជាក់ណាមួយអំពីផែនការរបស់លោកក្នុងការឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នៅឡើយទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីខែមុនថា ប្រសិនបើលោក ពូទីន សម្រេចចិត្តឈរឈ្មោះ នោះគ្មាននរណាម្នាក់អាចប្រកួតប្រជែងជាមួយលោកបានទេ។
សង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតជាមួយលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ និងបញ្ហាដ៏ធំបំផុតចំពោះសេដ្ឋកិច្ចរុស្សីក្នុងរយៈពេលជាច្រើនទសវត្សរ៍។ លោកពូទីនបានប្រឈមមុខនឹងការបះបោរដែលបរាជ័យដោយទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្សីគឺលោក Yevgeny Prigozhin ក្នុងខែមិថុនា។ លោក Prigozhin ត្រូវបានសម្លាប់នៅក្នុងការធ្លាក់យន្តហោះពីរខែក្រោយមកបន្ទាប់ពីបានប្រឆាំងជាមួយលោកពូទីន៕