ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី ២៨ ខែកញ្ញាកន្លងទៅបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា។ក្នុងដំណើរទស្សនកិច្ចនោះ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ បានជួបពិភាក្សាគ្នាជជែករកដំណោះស្រាយរឿងករណី«សាងសង់ប្រាសាទ»នៅថៃ។ការជួបគ្នាដោះស្រាយនេះ ធ្វើឡើងក្រោយករណីនេះផ្ទុះការតវ៉ាពីសាធារណជនព្រោះប្រាសាទនោះមានរូបរាងដូចប្រាសាទអង្គវត្តរបស់កម្ពុជា។
ក្នុងវេទិកាសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសជិត២ម៉ឺននាក់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងពីករណីការសាងសង់ប្រាសាទនៅប្រទេសថៃ ដែលមានការប្រតិកម្មពីប្រជាពលរដ្ឋ។សម្រាប់សម្ដេច ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលថ្មីមានការយកចិត្តទុកដាក់ជាខ្លាំងចំពោះករណីនេះ ហើយបានចេញបទបញ្ជាដល់ក្រសួងវប្បធម៌ ក្នុងការដោះស្រាយ នឹងពន្យល់ដល់ប្រជាពលរដ្ឋ។
បន្ថែមលើពីនេះសម្ដេច ហ៊ុន ម៉ាណែត ក៏បានយកករណីនេះ ពិភាក្សាជាមួយនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ ក្នុងការដោះស្រាយលើករណីនេះផងដែរ។
គួរបញ្ជាក់ថា ការសាងសង់សំណង់ប្រាសាទ នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃ បាននាំអោយប្រជាពលរដ្ឋកម្ពុជាប្រតិកម្មជាខ្លាំង។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែកញ្ញា បានចេញសេចក្តីជូនដំណឹង និង បានបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យ និងចរចា ហើយបានប្រកាសជំហរច្បាស់លាស់ ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិរបស់យើងភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិ និងអន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក៕