ព្រះសីហនុ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី ២៩ កញ្ញា បានស្នើសុំឱ្យប្រទេសជាសមាជិកនៃសហប្រតិបត្តិការមេគង្គ-ឡានឆាង ពិនិត្យពីលទ្ធភាពបង្កើតជា«ក្លឹបអ្នកសារព័ត៌មាន»ដើម្បីជំរុញការផ្សាយឱ្យកាន់តែទូលំទូលាយ ជាពិសេសទប់ស្កាត់ការចេញផ្សាយព័ត៌មានក្លែងក្លាយដែលនាំឱ្យខូចដល់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ការស្នើសុំយ៉ាងដូច្នេះ ធ្វើឡើងក្នុងកម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាន នៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្រោមប្រធានបទ«ទន្លេរួម និង អនាគតរួម»។
នៅចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពីប្រទេសចំនួន៦ដែលជាសមាជិកនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការនេះថាបានចូលរួមចំណែកក្នុងការផ្លាស់ប្តូរបទពិសោធន៍ ទស្សនយោបល់ និង ការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព។សម្រាប់លោក នេត្រ ភក្រ្តា លោកគាំទ្រចំពោះសកម្មភាពនេះ ហើយស្នើសុំដល់ភាគីចិនបន្តជួយគាំទ្រគម្រោង ដើម្បីជាប្រយោជន៍រួម។
បើតាមលោក នេត្រ ភក្ត្រា ក្នុងពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងតែរីកចម្រើននៃប្រពន្ធបច្ចេកវិទ្យាបានជះផលវិជ្ជមាន និងអវិជ្ជមានដល់មនុស្សជាតិទូទៅ។បណ្តាញសង្គមដ៏សម្បូរបែបបាននាំឱ្យពិភពលោកទាំងកើតក្តីព្រួយបារម្ភពីសារព័ត៌មានក្លែងក្លាយ។ព័ត៌មានក្លែងក្លាយ បានកើតឡើងក្នុងចេតនាមនុស្សអាក្រក់បំផ្លាញដល់សង្គមជាតិ និងនាំឱ្យមនុស្សសម្រេចចិត្តខុសលើបញ្ហាអ្វីមួយ។
ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងកាន់តែមានភាពជោគជ័យលើវិស័យព័ត៌មាន រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាដែលទើបឡើងកាន់តំណែងរូបនេះ បានស្នើសុំដល់ប្រទេសជាសមាជិកនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចងជាគ្រុបបង្កើតជា«ក្លឹបអ្នកសារព័ត៌មាន»ដែលមានមកពីដៃគូពាក់ព័ន្ធដើម្បីរួមគ្នាផ្សព្វផ្សាយព័ត៌មាននានាពីកម្មវិធីនានារបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងឆ្លើយតបភ្លាមៗរាល់ព័ត៌មានណាដែលផ្សព្វផ្សាយខុសពីការពិតនាំខូចដល់កិច្ចសហប្រតិបត្តិការ។
បន្ថែមលើពីនេះ លោករដ្ឋមន្ដ្រី បានក្រើនរំលឹកអ្នកសារព័ត៌មាន ឲ្យខិតខំពង្រឹងសមត្ថភាពដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ពោលអ្នកសារព័ត៌មានត្រូវតែមានសមត្ថភាព ហ៊ានរាយការណ៍ព័ត៌មានពិត និងផលិតព័ត៌មានឲ្យសំបូរបែបប្រកបមានគុណភាព ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ លោកចាត់ទុកថា ព័ត៌មានក្លែងក្លាយ គឺជាបញ្ហាសកល ដែលត្រូវដោះស្រាយរួមគ្នា។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦មានបណ្តាប្រទេសតាមដងទន្លេមេង្គចំនួន៦មានជាអាទិ៍ ចិន វៀតណាម ថៃ កម្ពុជា មីយ៉ាន់ម៉ា ឡាវ ហើយមានប្រជាជនរស់នៅតាមដងទន្លេមេង្គសរុបប្រមាណជិត២លាននាក់។