Cc time web banner 054637

ស្ថាប័នចំនួន៣បានចុះអនុស្សរណៈដើម្បីរួមគ្នាដោះស្រាយបញ្ហាពន្ធដារគណនេយ្យហិរញ្ញវត្ថុនិងអាជីវកម្មស្តង់ដារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ស្ថាប័នសំខាន់ៗចំនួន៣ មានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា(CTAFA) វិទ្យាស្ថានស៊ីអ៊ីអូ(CEO)និងសមាគមអគ្គនាយកហិរញ្ញវត្ថុកម្ពុជា (CFO) បានចុះអនុស្សរណៈMoUដើម្បីរួមគ្នាដោះស្រាយបញ្ហាពន្ធដារ គណនេយ្យហិរញ្ញវត្ថុនិងអាជីវកម្មស្តង់ដារនៅកម្ពុជា។

ពិធីចុះហត្ថលេខាMoU ត្រីភាគីដ៏សំខាន់នេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ស្របពេលដែលសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា(CTAFA)បានបើកសម្ពោធជាផ្លូវការរបស់ខ្លួន។

លោក អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាបានថ្លែងថា៖ អនុស្សរណៈយោគយល់ត្រីភាគីនេះមានគោលបំណងដើម្បីជួយដល់ម្ចាស់អាជីវកម្មឱ្យបានយល់អំពីកាតព្វកិច្ចនិងច្បាប់ពន្ធដែលពួកគាត់ត្រូវអនុវត្តនិងយល់ដឹងពីច្បាប់ដែលមានជាធរមាន។

លោកបានបន្តថា៖«MoUនេះនឹងជួយម្ចាស់អាជីវកម្មឲ្យរកស៊ីមានការរីកចម្រើន និងអាជីវកម្មតាមស្តង់ដារនិងទទួលបានចំណេះដឹងផ្នែកអាជីវកម្ម ការគ្រប់គ្រងអាជីវកម្មព្រមទាំងយល់ដឹងពីបញ្ហាពន្ធដារ ពីហានិភ័យនៃពន្ធដារ និងច្បាប់ជាធរមាន ជាពិសេសជួយម្ចាស់អាជីវកម្មឱ្យយល់ដឹងអំពីគណនេយ្យក៏ដូចជាគណនេយ្យហិរញ្ញវត្ថុច្បាស់លាស់»។

លោក អ៊ុំ សារ៉ាវុធ បានបញ្ជាក់ថា៖ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាជួយទៅលើបញ្ហាពន្ធដារ ចំណែកស៊ីអូម៉ាស្ទ័រក្លិបផ្ដោតលើការបណ្តុះបណ្តាលម្ចាស់អាជីវកម្មទាក់ទងទៅនឹងការគ្រប់គ្រងអាជីវកម្ម ចំណែកសមាគមអគ្គនាយកហិរញ្ញវត្ថុកម្ពុជាបណ្តុំទៅដោយអ្នកជំនាញខាងគណនេយ្យនិងហិរញ្ញវត្ថុ។ស្ថាប័នទាំងបីនេះនឹងចាប់ដៃគ្នាធ្វើយ៉ាងម៉េចដើម្បីឲ្យម្ចាស់អាជីវកម្មបានយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីរបររកស៊ីនិងការធ្វើអាជីវកម្មរបស់ពួកគាត់ ទាក់ទងទៅនឹងផ្លូវច្បាប់និងការគ្រប់គ្រងអាជីវកម្មឲ្យមាននិរន្តរភាព។

លោកតឹក វាសនា ប្រធានសមាគមអគ្គនាយកហិរញ្ញវត្ថុកម្ពុជា(CFO)បានថ្លែងថា៖នៅកម្ពុជាធនធានមនុស្សផ្នែកគណនេយ្យហិរញ្ញវត្ថុខ្វះខ្លាំង។ កម្ពុជាត្រូវការធនធានលើវិស័យនេះ។ ដូច្នេះMoUត្រីភាគីនេះគឺប្រមូលអ្នកជំនាញខាងវិស័យគណនេយ្យហិរញ្ញវត្ថុ ពន្ធដារដើម្បីជួយបណ្តុះបណ្តាលធនធានលើវិស័យនេះឲ្យកាន់តែមានការរីកចម្រើន។

លោកបន្ថែមថា៖ កន្លងមកសមាគមអគ្គនាយកហិរញ្ញវត្ថុកម្ពុជាបានជួយម្ចាស់អាជីវកម្មក៏ដូចជានិស្សិត រៀនគណនេយ្យឱ្យយល់ច្បាស់ពីបញ្ហាការងារគណនេយ្យនិងហិរញ្ញវត្ថុ។ចំណែកស៊ីអ៊ីអូម៉ាស្ទ័រក្លិបជួយបណ្តុះបណ្តាលបង្វឹកម្ចាស់អាជីវកម្ម ពីវិធីសាស្ត្រគ្រប់គ្រងអាជីវកម្មជាដើមហើយសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាជួយទៅលើបញ្ហាពន្ធដារ។ការចុះMoUនៃបីស្ថាប័ននេះនឹងជួយសហការគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានច្រើន។

លោក តឹក វាសនា បានលើកឡើងថា៖ មូលហេតុដែលពន្ធដារពិន័យគឺដោយសារបញ្ហាហិរញ្ញវត្ថុមិនបានល្អ។ ស្ថាប័នទាំងបីមានជំនាញច្បាស់លាស់ដូច្នេះអាចនឹងជួយដល់ម្ចាស់អាជីវកម្មអាចបង់ពន្ធបានត្រឹមត្រូវចៀសផុតពីការពិន័យពីមន្រ្តីពន្ធដារ។

លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស៊ីអ៊ីអូក៏បានធ្វើបទបង្ហាញនិងគន្លិះសំខាន់ៗអំពីការកសាងសមត្ថភាពរៀបចំក្រុមហ៊ុនពីលក្ខណៈគ្រួសារទៅស្តង់ដារ។

ចំណែកលោក អ៊ំ សារ៉ាវុធ ក៏បានចែករម្លែកនូវបទពិសោធនិងចំណេះដឹងជាក់ស្តែដល់ម្ចាស់អាជីវកម្មដែលបានចូលរួមអំពីច្បាប់ពន្ធដារ កាតព្វកិច្ច និងសិទ្ធិរបស់អាជីវកម្មបទដ្ឋានគតិយុត្តផ្សេងផ្សេងដែលម្ចាស់អាជីវកម្មត្រូវតែមានដើម្បីចៀសវាងបញ្ហាពិន័យពីពន្ធដារដូចជាការខ្វះអាជ្ញាប័ណ្ណការមិនទាន់ស្របច្បាប់ ការប្រកាសពន្ធខុសការធ្វើរបាយការណ៍ហិរញ្ញវត្ថុមិនបានត្រឹមត្រូវជាដើម។

ពាក់ព័ន្ធនឹងការបង្កើតសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា(CTAFA)នេះឡើង លោក អ៊ំ សារ៉ាវុធ បានលើកឡើងថា៖ គឺដោយសារមើលឃើញអ្នករកស៊ីនៅស្រុកខ្មែរខ្លះអត់ទាន់បានយល់ដឹងច្បាស់ពីបញ្ហាពន្ធដារ ច្បាប់ពន្ធដារដែលធ្វើឲ្យពួកគាត់ប្រឈមនឹងបញ្ហាជាច្រើន។ ដូច្នេះការបង្កើតសមាគមនេះឡើងគឺដើម្បីជួយម្ចាស់អាជីវកម្មឱ្យយល់ដឹងពីពន្ធដារគណនេយ្យហិរញ្ញវត្ថុនិងផ្តល់ប្រឹក្សាយោបល់បង្រៀនឲ្យយល់ពីអាជីវកម្មដែលកំពុងរកស៊ីថាតើមានពន្ធអ្វីខ្លះដែលពួកគាត់ត្រូវបង់ និងផ្តល់ដំណោះស្រាយផ្សេងៗដល់ម្ចាស់អាជីវកម្មទាំងអស់។

គួរជម្រាបថា៖ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា(CAMBODIA TAXAGENT FEDERATION ASSOCIATION) ហៅកាត់ថា CTAFA បានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃតាមរយៈប្រកាសលេខ ៥៩៩៦ប្រកចុះថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២។ បានបំពេញកាតព្វកិច្ចចុះបញ្ជីសារពើពន្ធនៅអគ្គនាយកដ្ឋានពន្ធដារតាមរយៈលិខិតលេខ៣០០៧៣អពដចុះថ្ងៃទី១៣ខែធ្នូឆ្នាំ២០២២។ សមាគមមានអាសយដ្ឋាននៅផ្ទះលេខC៤៦និងC៤៨ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

លោក អ៊ុំ សារ៉ាវុធ បានមានប្រសាសន៍ថា៖ សមាគមនេះគឺមិនមែនជាស្ថាប័នស្វែងរកប្រាក់កម្រៃនោះទេ។ប៉ុន្តែយើងមានចក្ខុវិស័យដ៏ជ្រាលជ្រៅគឺចង់ឃើញការអនុវត្តច្បាប់ពន្ធរវាងរដ្ឋបាលសារពើពន្ធនិងធុរកិច្ចជនមានតម្លាភាព ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិឲ្យរឹងមាំ។សមាគមមានបេសកកម្មចូលរួមសហការល្អជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយអប់រំនិងការបណ្តុះបណ្តាលច្បាប់សារពើពន្ធតាមរយៈសិក្ខាសាលានិងវគ្គបណ្តុបណ្ដាលនៅក្នុងប្រទេសនិងក្រៅប្រទេស។ ចងក្រងជាបណ្តាញនិងជាសំឡេងតែមួយងាយស្រួលក្នុងការចូលរួមលើកកម្ពស់ការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់ធុរកិច្ចជនឱ្យបានត្រឹមត្រូវនិងអនុលោមទៅតាមច្បាប់។ លើសពីនោះគឺចូលរួមសហការជំរុញឱ្យមានវប្បធម៌ចូលរួមបង់ពន្ធជូនរដ្ឋធ្វើឱ្យសេដ្ឋកិច្ចជារីកចម្រើនឆាប់រហ័សនិងចូលរួមចំណែកជួយដល់ការងារសង្គមនិងសប្បុរសធម៌៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង