ភ្នំពេញ៖ យុវជន អៀ គីមសែ ជាសិស្សថ្នាក់ទី១០ មកពីសាលាអាប៊ែនឌែនឡៃ ដែលជាយុវជនម្នាក់មានគំនិតស្រលាញ់ការជជែកដេញដោលនៅកំឡុងពេលខ្លួនរៀនថ្នាក់ទី៩ ចាប់ផ្តើមប្រកួតរហូតបានទទួលជ័យលាភីបន្តបន្ទាប់ដោយសារតែការរៀនសូត្រពីបទពិសោធន៍បរាជ័យកន្លងមកក្នុងការប្រកួតដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។
យុវជន អៀ គីមសែ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ខ្លួនបានចូលរួមប្រកួតប្រជែងក្នុងការជជែកដេញដោលក្នុងកម្មវិធីជាច្រើនមិនថារៀបចំក្នុងស្រុក ឬ បែបសកលនោះទេ ដោយសារតែជឿជាក់ថាការជជែកដេញដោលផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ខ្លួនឯង និងសង្គមជាតិ។
តាមរយៈការជជែកដេញដោល គីមសែ បានអភិវឌ្ឍទាំងសមត្ថភាពក្នុងការសិក្សានៅក្នុងថ្នាក់វិទ្យាល័យដោយសារតែបានសង្កេតឃើញខ្លួនឯងពង្រឹងសមត្ថភាពក្នុងការសរសេរសំណេរបានល្អជាងមុន និងមានភាពក្លាហានក្នុងការសិក្សាក្នុងថ្នាក់រៀន ជាពិសេសគឺមានជំនាញនៅក្នុងការនិយាយដែលមានគោលជំហរច្បាស់លាស់មិនថាក្នុងកាលៈទេសៈណាក៏ដោយ។
បើតាមយុវជន គីមសែ បានឱ្យដឹងថា ដំបូងបំផុត ខ្លួនបានដឹងពីការជជែកដេញដោលតាមរយៈប្រព័ន្ធសង្គម រួចបានសម្រេចចិត្តដាក់ពាក្យចូលប្រកួតជាបន្តបន្ទាប់មិនថា នៅក្នុងសាលារៀន ឬក្រៅសាលារៀននោះឡើយ។ ដោយសារតែភាពចង់អភិវឌ្ឍចំណេះដឹង និងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការនិយាយ យុវជនរូបនេះបានចូលរួមប្រកួតជាច្រើនលើកច្រើនសារដែលទទួលបានជ័យលាភីចំនួន បីលើក ដែលលើកទី១ និងលើកទី២ នៅក្នុងការប្រកួតក្នុងសាលារបស់ខ្លួន ចំណែកឯលើកទី៣ ជាការទទួលបានជ័យលាភីជាមួយនឹងការប្រកួតក្រៅសាលាក្នុងកម្មវិធី Voice of the Youth។
យុវជន គីមសែ បានរៀបរាប់បន្តទៀតថា ជ័យលាភីលើកទី៣ ដែលទើបទទួលបានថ្មីៗនេះគឺកើតចេញពីការចេះធ្វើការងារជាក្រុមបានល្អ សហការគ្នា យោគយល់ពីគ្នារវាង សមាជិករបស់ខ្លួនដែលមានបទពិសោធន៍ចូលប្រកួតច្រើនដូចគ្នា។ បន្ថែមពីនេះ ខ្លួន និងក្រុម ចាត់ទុកវេទិកាប្រកួតប្រជែងជជែកដេញដោលនេះជាកន្លែងដែលដុសខាត់សតម្ថភាពរបស់ខ្លួន ដូចនេះ នៅក្នុងកំឡុងពេលនិយាយ តែងតែបញ្ចេញសមត្ថភាពគ្រប់សព្វបែបយ៉ាង និងព្យាយាមស្តាប់មតិយោបល់របស់គណៈកម្មការដើម្បីអភិវឌ្ឍខ្លួនបន្តទៀត។
ក្រៅពីជាម្ចាស់ជ័យលាភី យុវជនរូបនេះ ក៏ធ្លាប់បានប្រឡូកជាច្រើនក្នុងវិស័យមួយនេះ ដោយដើរតួនាទីជាលេខសម្រាប់គ្រូបង្វឹកការជជែកដេញដោល និងផ្សេងៗទៀតជាច្រើន។ គីមសែ បានសង្កត់អត្ថន័យថា ទៅថ្ងៃអនាគតខ្លួនមានបំណងបន្តក្លាយជាមនុស្សម្នាក់ដែលជឿជាក់លើគោលជំហររបស់ខ្លួន និងប្រើប្រាស់សមត្ថភាពរបស់ខ្លួនក្នុងការឈរលើគោលជំហរមួយដែលត្រឹមត្រូវដើម្បីខ្លួនឯង និងសង្គម។
ជាចុងក្រោយ យុវជន គីមសែ មានសារចង់ផ្តាំផ្ញើទៅកាន់យុវជនដែលទើបតែចូលប្រឡូកក្នុងការជជែកដេញដោល កុំឱ្យមានការភ័យខ្លាច ហើយព្យាយាមសិក្សារៀនសូត្រពីភាពបរាជ័យរបស់ខ្លួនដើម្បីអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ចៀសជាងការផ្តោតលើលទ្ធផលពេក និងបន្ទោសខ្លួនឯងពេលមិនបានលទ្ធផលល្អគាប់ចិត្ត៕