Cc time web banner 054637

ពន្ធដារប្រាប់ពីវិធានការសម្រួល«ពន្ធ»ដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋក្នុងវិបត្តិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (រូបភាព៖ អគ្គនាយកដ្ឋានពន្ធដារ)

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីបំភ្លឺថា ទន្ទឹមនឹងការប្រមូលចំណូលដើម្បីការអភិវឌ្ឍសង្គមជាតិ ធានាតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព រាជរដ្ឋាភិបាលក៏បានគិតគូរខ្ពស់ពីការសម្រួលបរិយាកាសវិនិយោគ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការលើក ទឹកចិត្តជាច្រើនជាបន្តបន្ទាប់និងស្ទើរគ្រប់វិស័យ។ ក្នុងនោះ ក៏មានជាការដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកសារពើពន្ធដើម្បី សម្រួលដល់ជីវភាពប្រជាពលរដ្ឋទូទៅ។

វិធានការលើកទឹកចិត្តទាំងនោះមានដូចជា ការលុបចោលរបបពន្ធម៉ៅការ និងអាករលើផលរបរ ដើម្បីបញ្ចប់នូវបញ្ហាស្មុគស្មាញរបស់ប្រជាពលរដ្ឋដែល ប្រកបអាជីវកម្មតូចតាចគ្រាន់តែដើម្បីចិញ្ចឹមជីវិត និងជាការលុបបំបាត់កន្លែងលាក់ខ្លួនរបស់អ្នកជាប់ពន្ធដែល ត្រូវបញ្ចូលក្នុងរបបស្វ័យប្រកាស, ការសម្រួលកម្រិតប្រាក់ពន្ធប៉ាតង់ដែលត្រូវបង់ដើម្បីជាការលើកទឹកចិត្តសហគ្រាសតូចៗក្នុងការប្រកបអាជីវកម្ម, និងការលុបចោលពន្ធសត្តឃាតដើម្បីជួយកាត់បន្ថយបន្ទុកចំណាយលើសាច់សត្វដែលជាអាហារមូលដ្ឋានសម្រាប់ ចិញ្ចឹមជីវិត ក៏ដូចជាជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។

ជាមួយគ្នានេះ រដ្ឋក៏មានវិធានការកំណត់បន្ថែមការផ្គត់ផ្គង់មួយចំនួនជាការផ្គត់ផ្គង់មិនជាប់អាករលើតម្លៃបន្ថែម រួមមាន សេវាសិក្សាអប់រំ, ថាមពលអគ្គិសនីនិងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់, ផលិតផលកសិកម្មមិនទាន់កែច្នៃ និងសេវាប្រមូល សំរាម យន្តការនេះមានគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការដាក់ចេញនូវវិធានគណនេយ្យសាមញ្ញ ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធតូចក្នុងកិច្ចប្រតិបត្តិការអាជីវកម្ម តូចៗ ឬអាជីវកម្មដែលមានលក្ខណៈគ្រួសារ។

ទន្ទឹមនឹងនេះ ក៏មានការកាត់បន្ថយជាច្រើនលើកនូវមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស តាមរយៈការដំឡើងជាបន្តបន្ទាប់នូវកម្រិត អប្បបរមានៃប្រាក់បៀវត្សត្រូវជាប់ពន្ធ និងភាគនៃប្រាក់ចំណូលដែលត្រូវជាប់ពន្ធលើប្រាក់ចំណូល ដើម្បី ធានាថាមន្ត្រីរាជការសាធារណៈនិងកម្មករ-និយោជិត ដែលទទួលបានប្រាក់បៀវត្សឬប្រាក់ឈ្នួលអប្បបរមា មិនត្រូវជាប់ពន្ធលើប្រាក់បៀវត្សឡើយ។

ការលុបការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនចំពោះយានយន្តមួយចំនួន ជាអាទិ៍ ទោចក្រយានយន្ត,ត្រីចក្រ យានយន្ត, ជលយានយន្ត, ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលមួយចំនួន ដើម្បីសម្រាលបន្ទុកចំណាយ របស់ប្រជាពលរដ្ឋទូទៅ, ការអនុគ្រោះពន្ធប្រថាប់ត្រាចំពោះការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ, និងការលុបចោលពន្ធប្រថាប់ត្រាលើលិខិតគតិយុត្តស្ដីពីការបង្កើតក្រុមហ៊ុន។ ការកែសម្រួលពន្ធតែមប្រិ៍ ដោយលើកលែងការអនុវត្តលិខខិតគតិយុទ្ទមួយចំនួនជាអាទិ៍ លិខិតស្នើសុំពាក់ព័ន្ធវិស័យអប់រំ, ស្នើសុំចូលបម្រើការងារ, សំបុត្រអត្រានុគោលដ្ឋាន។ល។ និង ការកែសម្រួលអត្រាការប្រាក់ប្រចាំខែចំពោះពិន័យពីការកំណត់ពន្ធយឺតយ៉ាវពីប្រាក់ពន្ថដែលបង់ខ្វះ ដើម្បីសម្រួលអត្រាការប្រាក់តាមស្ថានភាពទីផ្សារជាក់ស្តែង, បន្ធូរបន្ថយវិស័យឯកជន និងសម្រួលពាណិជ្ជកម្ម។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារជាច្រើនទៀតតាមវិស័យសំខាន់ៗ មានដូចជា៖ វិស័យទេសចរណ៍ វិស័យអប់រំ វិស័យអចលនទ្រព្យ វិស័យកសិកម្ម វិស័យសំណង់ វិស័យមូលបត្រ និងវិស័យហិរញ្ញវត្ថុជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង