ចិន៖ ប្រធានាធិបតីចិនលោក ស៊ីជិនភីង បានប្រកាសបើកការប្រកួតកីឡាអាស៊ីលើកទី ១៩ ជាផ្លូវការនៅទីក្រុង Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។លោក ស៊ី បានធ្វើសេចក្តីប្រកាសនៅកីឡាដ្ឋាន Hangzhou Olympic Sports Center នៅពេលចូលរួមពិធីបើកការប្រកួតកីឡា។
ការប្រកួតកីឡាអាស៊ីលើកទី ១៩ក៏មានវត្តមានចូលរួមរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រធានាធិបតី Bashar al-Assad នៃប្រទេសស៊ីរី ព្រះអង្គម្ចាស់គុយវ៉ែត Sheikh Mishal Al-Ahmad Al-Jaber Al-Sabah នាយករដ្ឋមន្រ្តី Pushpa Kamal Dahal Prachanda នៃប្រទេសនេប៉ាល់ នាយករដ្ឋមន្រ្តី Xanana Gusmao នៃទីម័រខាងកើត។លោក Han Duck-soo នៃសាធារណរដ្ឋកូរ៉េ និងប្រមុខបណ្តាមេដឹកនាំមួយចំនួនទៀត។
ព្រឹត្តិការណ៍ Asian Games លើកទី ១៩ ដែលរៀបចំដោយទីក្រុង Hangzhou និងទីក្រុងចំនួន ៥ ផ្សេងទៀតក្នុងខេត្ត Zhejiang នឹងបន្តរហូតដល់ថ្ងៃទី ៨ ខែតុលា។ការប្រកួតកីឡាអាស៊ីលើកទី ១៩នេះនឹងក្លាយជាព្រឹត្តិការណ៍ធំជាងគេមិនធ្លាប់មានដោយមានអត្តពលិកប្រមាណ១២.៥០០នាក់មកពី៤៥ប្រទេសនិងតំបន់ចូលរួមប្រកួតក្នុងកីឡា៤០ និង៤៨១វិញ្ញាសា៕