
អាម៉េរិក៖ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ពីជំហរមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជា ដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ។ កម្ពុជាមិនអនុញ្ញាតឲ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងទៀត។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងខិតខំបន្ថែមទៀតដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាមរយៈក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្ដរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់កម្ពុជា។
សូមជម្រាបថា រយៈពេលត្រឹមមួយខែនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត មានវត្តមាននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ (UNGA78) នាក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២២ ខែកញ្ញា ដោយសម្តេចបានឡើងថ្លែងសុន្ទរកថា ផ្តោតលើបរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និង ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។
សម្តេច បានថ្លែងបញ្ជាក់បន្ថែមលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខណ្ឌសកល កម្ពុជាក៏បានបន្ថែម គោលដៅដោយឡែករបស់ខ្លួនទាក់ទងនឹងសកម្មភាពមីន គឺ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។
ក្នុងការខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឲ្យមានការបន្ដផ្ដល់ការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស កម្ពុជក៏សូមលើកទឹកចិត្តឲ្យមានការចូលរួមឲ្យបានកាន់តែទូលំទូលាយ ពីសហគមន៍អន្ដរជាតិ ដើម្បីបញ្ច្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជា «ឃាតកលាក់មុខ» និងបន្ដគំរាមកំហែងដល់សន្ដិសុខមនុស្សជាតិ ទោះបីជាសង្គ្រាមប្រដាប់អាវុធបានបញ្ចប់ទៅហើយក្ដី។
កម្ពុជាស្វាគមន៍នូវគំនិតផ្ដួចផ្ដើម «កាតាលីករសកលស្ដីពី ការងារសមរម្យ និងការគាំពារសង្គម សម្រាប់អន្ដរកាលយុត្តិធម៌» ដែលបានដាក់ចេញដោយលោក អង់តូនីញ៉ូ ហ្គូទែរ៉ែស និងពិតជាមានមោទនភាពដែលកម្ពុជាត្រូវបានជ្រើសរើសចូលរួមក្នុងគំនិតផ្ដួចផ្ដើមនេះ ក្នុងនាមជាប្រទេសឈានមុខមួយនៅក្នុងចំណោមប្រទេសដែលមានសក្ដានុពលទាំង១០។
ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្ដរជាតិបង្កើន កិច្ចខិត ខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បីបញ្ចប់សង្គ្រាម ដោះស្រាយឫសគល់នៃជម្លោះ និងពង្រឹងសាមគ្គីភាពឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្ដិភាព។ កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្ដិភាពដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ និងស្ថិរភាពអន្ដរជាតិ ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕