Cctimesw1140xh150cm copy

ពូទីន៖ រុស្សីការពារយុត្តិធម៌ និងសន្តិសុខក្នុងតំបន់ជាមួយចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ជាមួយមន្រ្តីការទូតចាស់វស្សាលោក វ៉ាងយីថា ប្រទេសរបស់លោកមានឆន្ទៈក្នុងការសហការជាមួយប្រទេសចិន ដើម្បីទប់ទល់នឹងអនុត្តរភាពឯកតោភាគី និងការប្រឈមមុខដាក់គ្នាក្នុងតំបន់ព្រមទាំងការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ លោក ពូទីន បានធ្វើការកត់សម្គាល់បែបនេះ នៅពេលជួបជាមួយលោក វ៉ាងយី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការបរទេសនៅទីក្រុងសាំប៊េកទើបឺក។

លោក ពូទីន បានអះអាងថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ី កាលពីខែមីនា ឆ្នាំនេះ គឺជាសករាជថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចាប់តាំងពីពេលនោះមក កិច្ចព្រមព្រៀងសំខាន់ៗដែលសម្រេចបានរវាងភាគីទាំងពីរត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដែលនាំមកនូវលទ្ធផលវិជ្ជមានក្នុងវិស័យផ្សេងៗដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ និងវិស័យសំខាន់មួយចំនួនទៀត។

សម្រាប់ពូទីន ប្រទេសរុស្ស៊ីបានយកឈ្នះលើផលប៉ះពាល់នៃទណ្ឌកម្មឯកតោភាគីដែលដាក់ដោយបណ្តាប្រទេសលោកខាងលិច ហើយសេដ្ឋកិច្ចរបស់រុស្សីបានចាប់ផ្តើមងើបឡើងវិញ និងដំណើរការជាធម្មតានៅឆ្នាំនេះ ហើយរុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងផែនការ និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិនឲ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។

ប្រធានាធិបតីរុស្សីរូបនេះបានសង្កត់ធ្ងន់ថា រុស្ស៊ីវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងមុតមាំគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ប្រឆាំងនឹងការបង្ខូច និងការលាបពណ៌ប្រឆាំងនឹង BRI ហើយមានឆន្ទៈក្នុងការបង្កើនការតម្រឹមរវាងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី និង BRI ដើម្បីលើកកម្ពស់សមាហរណកម្មក្នុងតំបន់។

លោក ពូទីន បានបញ្ជាក់ថា ការវិវត្តន៍នៃស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្ននេះ ធ្វើឱ្យមានសុពលភាពពេញលេញដល់ការវាយតម្លៃជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី ស៊ី ដែលថាពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំដែលមិនអាចមើលឃើញក្នុងមួយសតវត្ស។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់រុស្ស៊ី ចិន និងភាគីផ្សេងទៀតក្រុមសមាជិក BRICS បានពង្រីកសមាជិកភាពដោយជោគជ័យនៅឆ្នាំនេះ ដោយយកកិច្ចសហប្រតិបត្តិការ BRICS ទៅកាន់កម្រិតថ្មីមួយ។ រុស្ស៊ីមានឆន្ទៈរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនក្នុងក្របខ័ណ្ឌពហុភាគីដូចជា អង្គការសហប្រតិបត្តិការសៀងហៃ និងយន្តការ BRICS ដើម្បីទប់ទល់នឹងអនុត្តរភាពឯកបក្ស និងការប្រឈមមុខដាក់គ្នាក្នុងតំបន់ និងដើម្បីការពារយុត្តិធម៌ អន្តរជាតិ។

ចំណែកលោក វ៉ាងយី បានឲ្យដឹងថាប្រមុខរដ្ឋនៃប្រទេសទាំងពីរមានកិច្ចប្រជុំប្រកបដោយជោគជ័យក្នុងឆ្នាំនេះ ដោយបានរួមគ្នាគូសបញ្ជាក់ប្លង់មេថ្មីសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយនៃការសម្របសម្រួលចិន-រុស្ស៊ីក្នុងយុគសម័យថ្មី។ ប្រការនេះបានផ្តល់នូវទិសដៅច្បាស់លាស់ និងចាក់បញ្ចូលនូវសន្ទុះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគី។

លោក វ៉ាង បានកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចនាពេលនេះ លោកបានពិភាក្សាយ៉ាងទូលំទូលាយជាមួយលោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្សី និងរដ្ឋមន្ត្រីការបរទេស Sergey Lavrov ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗរវាងប្រទេសទាំងពីរ។

ចំពោះលោកវ៉ាងយី ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការរួមគ្នាជាមួយរុស្ស៊ី ដោយយកការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរសម្រេចបានជាគោលការណ៍ណែនាំជាមូលដ្ឋាន ដើម្បីបង្កើនទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្ត្រ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងពង្រឹងបន្ថែមទៀតនូវមតិសាធារណៈ និងមូលដ្ឋានគ្រឹះសង្គមរបស់ មិត្តភាពរវាងចិន និងរុស្សី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង