Cctimesw1140xh150cm copy

សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅអាម៉េរិក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២១កញ្ញានេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិកចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣”។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេច ហ៊ុន ម៉ាណែត រួមមាន៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។

មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។

ក្រសួងការបរទេស បានឱ្យដឹងថា ខ្លឹមសារនៃសន្ទរកថារបស់ សម្តេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។

សម្តេច ហ៊ុន ម៉ាណែត ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក។

នៅអំឡុងពេលនៃកិច្ចប្រជុំខាងលើ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់និងអន្តរជាតិ រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ECO) លើកទី១៥។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយសមភាគី មកពីបណ្តាប្រទេសនានាផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង