តូក្យូ៖ ការបង្កើតយោធាយ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុនកំពុងធ្វើឱ្យប្រជាជននៅប្រជុំកោះអូគីណាវ៉ាដែលនៅជិតកោះតៃវ៉ាន់មានការព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាព និងភាពតានតឹងរវាងជប៉ុន និងកងកម្លាំងយោធាចិនដែលអាចនឹងកើនមានឡើងនាពេលណាមួយ។នាយករដ្ឋមន្រ្តីជប៉ុនលោក Kishida បានបង្ហាញផែនការកាលពីខែធ្នូ ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិរបស់ជប៉ុនទ្វេដងក្នុងរយៈពេល ៥ ឆ្នាំក្នុងគោលបំណងរារាំងប្រទេសចិនពីការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងតៃវ៉ាន់ ដែលអាចគំរាមកំហែងដល់ទឹកដីរបស់ខ្លួន។ភាគច្រើននៃការសាងសង់តំបន់យោធានោះនឹងស្ថិតនៅក្នុងកោះអូគីណាវ៉ា។
អភិបាលកោះអូគីណាលោក Denny Tamaki បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា "រដ្ឋាភិបាលគួរតែពន្យល់ប្រជាពលរដ្ឋក្នុងតំបន់ឲ្យយល់សិនជុំវិញនៃការបង្កើតកម្លាំងយោធាក្បែរតំបន់ជម្លោះ ដូចច្នេះប្រសិនបើរដ្ឋាភិបាលបង្កើនកម្លាំងយោធាដោយចិត្តឯងមិនគិតពីអនាគតនោះហានិភ័យអាចនឹងកើនមានឡើងក្នុងតំបន់ជម្លោះ" ។លោកបានបន្ថែមថា "យើងមិនត្រូវអនុញ្ញាតឱ្យប្រជាជននៅអូគីណាវ៉ាឆ្លងកាត់បទពិសោធន៍ដ៏អាក្រក់ដូចគ្នាដែលយើងបានឆ្លងកាត់នោះទេ" ជាក់ស្តែងដូចសង្រ្គាមលោកលើកទី២យើងបានឆ្លងកាត់ជីវិតវេទនាជាទីបំផុតរួចអស់ហើយ។
កាលពីកន្លងទៅទីក្រុងប៉េកាំងបានបាញ់មីស៊ីលចូលទៅក្នុងសមុទ្រក្បែរកោះអូគីណាវ៉ាកាលពីឆ្នាំមុនបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដោយលោកស្រី Nancy Pelosi ដែលពេលនោះជាប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាម៉េរិក ដែលលោកស្រីបានដុតកំដៅក្នុងតំបន់ឲ្យកាន់តែក្តៅមួយកម្រិតទៀត៕