មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបលោក ស៊ី ជីនភីងប្រធានាធិបតី របស់ប្រទេសចិនទីក្រុងប៉េកាំង ក្នុងខែតុលា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន នៅក្រៅប្រទេស ចាប់តាំងពីដីកាចាប់ខ្លួនត្រូវបានចេញប្រឆាំងនឹងលោក ជុំវិញការនិរទេសកុមារពីអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់វីមានក្រឹមឡាំងរបស់រុស្សីបានអះអាង។
លោក Nikolai Patrushev ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ពូទីន និងជាលេខាក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននិយាយថា រុស្ស៊ី និងចិនគួរតែពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅនៅពេលប្រឈមមុខនឹងការប៉ុនប៉ងរបស់បស្ចិមប្រទេសដើម្បីទប់ស្កាត់ការពង្រីកអំណាចរបស់ក្រុមលោកខាងលិច។
ពូទីន នឹងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ បន្ទាប់ពីការអញ្ជើញរបស់លោក ស៊ី ក្នុងអំឡុងពេលទស្សនកិច្ចដ៏ល្បីនៅទីក្រុងមូស្គូក្នុងខែមីនា។ប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចលោកស៊ីទៅកាន់ក្រុងមូស្គូកាលពីកន្លងទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន ពីបទសង្ស័យថាបាននិរទេសកុមាររាប់រយនាក់ដោយខុសច្បាប់ ឬច្រើនជាងនេះពីអ៊ុយក្រែន។
ប្រតិបត្តិការពិសេសរុស្ស៊ីលើអ៊ុយក្រែននៅដើមឆ្នាំមុន បានបង្កឱ្យមានជម្លោះអឺរ៉ុបដ៏សាហាវបំផុតមួយចាប់តាំងពីសង្គ្រាមលោកលើកទីពីរ និងការប្រឈមមុខគ្នាដ៏ធំបំផុតរវាងទីក្រុងម៉ូស្គូ និងលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២។
គួរបញ្ជាក់ថា ពូទីន បានធ្វើទស្សនកិច្ចចុងក្រោយនៅទីក្រុងប៉េកាំងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្មានថ្ងៃមុនការលុកលុយ ជាកន្លែងដែលលោក និងលោក ស៊ី បានប្រកាសពីភាពជាដៃគូគ្មានដែនកំណត់រវាងប្រទេសទាំងពីរ៕